ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានព្យួរតំណែង មិនត្រូវបានអនុញ្ញាតឲ្យមានអ្នកសួរសុខទុក្ខនោះឡើយ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) ហើយជាថ្មីម្តងទៀត រូបលោកបានបដិសេធមិនផ្ដល់ចម្លើយដល់ការសាកសួរពីអង្គភាពស៊ើបអង្កេត នៅថ្ងៃចន្ទ (ទី២០ ខែមករា) នេះ។
គួរបញ្ជាក់ថា លោក Yoon កំពុងត្រូវបានដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ដោយចោទប្រកាន់ពីបទនាំឲ្យមានកុបកម និងប្រព្រឹត្តបំពានអំណាច។ ហើយតំណាងផ្នែកច្បាប់របស់លោក បាននិយាយថា «វានឹងជារឿងពិបាកណាស់» ដែលរូបលោកត្រូវអនុវត្តតាមការសួរចម្លើយរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) សម្រាប់មន្ត្រីជាន់ខ្ពស់ ដែលគ្រោងនឹងធ្វើឡើងដំបូង នៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក)។
មេដឹកនាំដែលត្រូវបានចាប់ខ្លួនរូបនេះ បានបដិសេធមិនឆ្លើយអ្វីឡើយ ចំពោះការសាកសួរ ចាប់តាំងពីរូបលោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ដោយអង្គុយនៅស្ងៀមមិននិយាយអ្វីទាំងអស់ ក្នុងអំឡុងពេលមានការស៊ើបអង្កេតរយៈពេល ១០ម៉ោងដែលបានកើតឡើងនៅថ្ងៃដែលរូបលោកត្រូវបានចាប់ខ្លួន។
តុលាការក្រុងសេអ៊ូលនៅតំបន់ភាគខាងលិច កាលពីថ្ងៃទី១៩ ខែមករា បានចេញដីកាចាប់ខ្លួនមួយផ្សេងទៀតដែលនឹងអនុញ្ញាតឲ្យអាជ្ញាធរឃុំខ្លួនលោក Yoon សម្រាប់ដំណើរការនីតិវិធីផ្លូវច្បាប់ដែលនៅសល់របស់លោក។ អង្គភាពស៊ើបអង្កេតមានសិទ្ធិឃុំខ្លួនលោករយៈពេលសរុប ២០ថ្ងៃ គិតចាប់ពីដើមដំបូងនៃការចាប់ខ្លួននៅថ្ងៃទី១៥ ខែមករា រហូតដល់រដ្ឋអាជ្ញាចោទប្រកាន់រូបលោកផ្លូវការ។ បន្ទាប់មករយៈពេលឃុំខ្លួនលោក អាចបន្តរហូតដល់ ៦ខែ ពោលគឺរហូតដល់តុលាការដែលទទួលខុសត្រូវការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌរបស់លោក ឈានដល់ការចេញសាលក្រម។
ហើយ CIO កាលពីថ្ងៃទី១៩ ខែមករា បានហាមប្រាមលោក Yoon មិនឲ្យមានអ្នកផ្សេងចូលសួរសុខទុក្ខ ក្រៅពីមេធាវីរបស់លោក ដែលក្រុមមន្ត្រីបានលើកឡើងថា ជាវិធានការ ដើម្បីការពារកុំឲ្យមានការបំផ្លាញភស្តុតាងដែលអាចកើតមាន។ ហានិភ័យនៃការបំផ្លាញភស្តុតាងរបស់លោក Yoon ត្រូវបានតុលាការចាត់ទុកថា ជាហេតុផលមួយ ក្នុងចំណោមហេតុផល ដើម្បីអនុម័តដីកាចាប់ខ្លួនលោក៕