អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំង ទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន ប៉ុន្តែថា ខ្លួននឹងត្រូវការ «ការមានលទ្ធភាពចូលជាប្រព័ន្ធ» នៅទូទាំងដែនដីនេះ ដើម្បីអាចធ្វើដូច្នេះបាន។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសុខភាពភាគច្រើន នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញដោយសារសង្រ្គាមជាង ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មុនពេលបទឈប់បាញ់ បានកើតឡើង កាលពីថ្ងៃទី១៩ ខែមករា។
ខណៈពេលដែលស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិ បាន «ត្រៀមខ្លួនជាស្រេច ដើម្បីពង្រីកការឆ្លើយតប» ដែលនឹងដោះស្រាយដល់តម្រូវការសំខាន់ៗរបស់ដែនដីនេះ WHO បានលើកឡើងថា «វាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការដកចេញឲ្យអស់នូវឧបសគ្គផ្នែកសន្តិសុខដែលរារាំងដល់ប្រតិបត្តិការនានា»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារនេះ បានរៀបរាប់ថា៖ «WHO នឹងត្រូវការលក្ខខណ្ឌជាក់ស្ដែងនានា ដែលអនុញ្ញាតឲ្យមានលទ្ធភាពចូលជាប្រព័ន្ធទៅកាន់ប្រជាជន នៅទូទាំងតំបន់ហ្កាហ្សា ដោយអាចឲ្យមានលំហូរនៃជំនួយ តាមព្រំដែន និងផ្លូវដែលអាចមានទាំងអស់ ហើយដកចេញរាល់ការរឹតបន្តឹង ចំពោះការយកចូលនូវរបស់របរប្រើប្រាស់សំខាន់ៗ»។
រហូតដល់មានបទឈប់បាញ់ អ៊ីស្រាអែលបានគ្រប់គ្រងទាំងស្រុងលើបរិមាណ និងប្រភេទនៃជំនួយដែលអនុញ្ញាតឲ្យយកចូលទៅក្នុងតំបន់ហ្កាហ្សា។ ដោយព្រមានថា «បញ្ហាប្រឈមសុខភាពនៅខាងមុខ គឺធ្ងន់ធ្ងរ» ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ បានប៉ាន់ប្រមាណថា ការចំណាយលើការស្ដារឡើងនូវប្រព័ន្ធសុខភាពដែលខូចខាតរបស់តំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺជា «ការវិនិយោគរាប់ពាន់លានដុល្លារ»៕