ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងផ្ដល់ការលើកទឹកចិត្តដោយចាត់ទុកអ្នកស្ម័គ្រចិត្តដែលចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ គឺជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។

ការគូសបញ្ជាក់នេះ ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីការប្រកាសគោលការណ៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលបានជំរុញឲ្យសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយដល់គណៈកម្មការជំនាញនីមួយៗ និងបំពេញកម្លាំងបន្ថែមឲ្យមានប្រសិទ្ធភាពពិសេសកម្លាំងយុវជន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រោមការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កម្លាំងយុវជនគឺជាកម្លាំងស្នូលសម្រាប់ជួយដល់គណៈកម្មការជំនាញរបស់ CAMSOC ធ្វើឲ្យមានប្រសិទ្ធភាពការងារ។ ហេតុនេះ ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសដាក់ចេញនូវគោលការណ៍ គោលនយោបាយ និងផែនការនានាដើម្បីឲ្យមានការសហការគ្នាឲ្យបានល្អ តាមការកំណត់គោលការណ៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់។ ចំពោះការរៀបចំអ្នកស្ម័គ្រចិត្តវិញកំពុងប្រមូលផ្ដុំរៀបចំក្នុងរង្វង់ ១ម៉ឺននាក់សម្រាប់ធ្វើការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានយកចិត្តទុកដាក់ក្នុងការផ្ដល់នូវការរៀបចំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ ទោះបីធ្វើការងារស្ម័គ្រចិត្តតែមានប្រសិទ្ធភាពខ្ពស់។
ដូច្នេះ CAMSOC បានត្រៀមលក្ខណៈយកចិត្តទុកដាក់ចំពោះការគ្រប់គ្រង ដឹកនាំ និងការជួយដល់អ្នកស្ម័គ្រិចិត្តឲ្យការបម្រើការងារទៅមានមោនទភាព ហើយចាត់ទុកអ្នកស្ម័គ្រចិត្តគឺជាទូតសុឆន្ទៈរបស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមទាំងអស់គ្នាទៀតផង។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។ គួរដឹងថា កម្ពុជាត្រៀមកម្លាំងអ្នកស្ម័គ្រចិត្តប្រមាណ ១ម៉ឺននាក់ដើម្បីចូលរួមបម្រើការងារជាមួយគណៈកម្មការជំនាញនានា នៅក្នុងការប្រកួតកីឡាស៊ីហ្គេមដែលគ្រោងប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលគ្រោងប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា