ទូរទស្សន៍រដ្ឋស៊ែប៊ី RTS បានរាយការណ៍ថា មនុស្សយ៉ាងតិច ៨នាក់ បានបាត់បង់ជីវិត ហើយ ៧នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍មានអគ្គិភ័យឆាបឆេះទីកន្លែងថែទាំមនុស្សចាស់ នៅខាងក្រៅទីក្រុងបែលក្រាដ (Belgrade) នៅថ្ងៃចន្ទ (ទី២០ ខែមករា) នេះ ដែលអាជ្ញាធរបានប្រាប់ថា កើតឡើងដោយសារសារការដុត។
ដោយដកស្រង់សម្តីប្រធាននាយកដ្ឋានរបស់រដ្ឋាភិបាលទទួលបន្ទុកស្ថានភាពគ្រាអាសន្ន លោក Luka Causevic ទូរសទ្សន៍ RTS បានរាយការណ៍ថា អគ្គិភ័យនេះ បានចាប់ផ្តើមនៅវេលាម៉ោង ៣:៣០នាទី ទៀបភ្លឺ (ត្រូវនឹងម៉ោង ២:៣០នាទី ន៉ោងសកល) ដោយមានមនុស្ស ៣០នាក់ស្ថិតនៅក្នុងលំនៅឋាននោះ។
អណ្ដាតភ្លើងត្រូវបានពន្លត់បានយ៉ាងឆាប់រហ័ស ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបែលក្រាដ។ ទូរទស្សន៍ RTS បានឲ្យដឹងបន្ថែមថា ស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងដកដង្ហើមដោយប្រើបំពង់អុកស៊ីសែន។
ការិយាល័យរដ្ឋអាជ្ញាបានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយមនុស្សម្នាក់ ដែលរស់នៅក្នុងផ្ទះថែទាំនេះ ហើយជនបង្កហេតុនោះក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។ សេចក្តីថ្លែងការណ៍លម្អិត នឹងត្រូវចេញឲ្យដឹងនាពេលយប់ថ្ងៃចន្ទនេះ៕