ផ្សារនៅតាមដងផ្លូវស្ថិតក្នុងទីក្រុង Khan Younis នៃតំបន់ហ្កាហ្សាស្រ្ទីប ចាប់ផ្តើមមមាញឹកឡើងវិញនៅព្រឹកថ្ងៃចន្ទនេះ រយៈពេល ១ថ្ងៃ ក្រោយបទឈប់បាញ់ទន្ទឹងរង់ចាំជាយូរ បានចូលជាធរមាន ។
ពលរដ្ឋនាំគ្នាដើរផ្សារទិញទំនិញនៅតាមផ្លូវពោពេញដោយគំនរបាក់បែក និងអគាររងការបំផ្លិចបំផ្លាញ ពេលដែលសត្វលាអូសរទេះដឹកទំនិញ ហើយពលរដ្ឋនាំគ្នាដើរឆ្លងកាត់ផ្សារមានមនុស្សច្រើនកុះករ ។
ក្រោយរយៈពេល ១៥ខែនៃសង្រ្គាម កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤៧.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល ហើយពលរដ្ឋស្ទើតែទាំងស្រុង ២,៣លាននាក់នៅតំបន់ហ្កាហ្សា គ្មានផ្ទះសម្បែងរស់នៅ ។ ចំណែកឯទាហានអ៊ីស្រាអែលប្រហែល ៤០០នាក់ បានស្លាប់ផងដែរ ។
បទឈប់បាញ់នេះ បានអំពាវនាវឲ្យបញ្ឈប់សង្រ្គាម ជំនួយត្រូវតែបញ្ជូនចូលទៅក្នុងតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរ ៣៣នាក់ ក្នុងចំណោមចំណាប់ថ្នូរជិត ១០០នាក់ ត្រូវតែដោះលែងឲ្យមានសេរីភាពក្នុងដំណាក់កាលដំបូងមានរយៈពេល ៦សប្តាហ៍ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២ពាន់នាក់ ដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ៕