ប្រជាពលរដ្ឋរស់នៅតំបន់ Donetsk ដែលត្រូវបានធ្វើបទសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយនៅថ្ងៃចន្ទនេះថា ពួកគេសង្ឃឹមថា តំណែងប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក Trump នឹងអាចនាំមកនូវសន្តិភាពក្នុងតំបន់ ។
ស្របពេលដែលពលរដ្ឋមួយចំនួនមានសុទិដ្ឋិនិយមចំពោះឱកាសបញ្ឈប់សង្រ្គាម ពលរដ្ឋអ៊ុយក្រែនផ្សេងទៀត ពុំគិតថា ការបង្ហូរឈាមគ្នាអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះបានឡើយ ។
តំបន់ Donetsk ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ ប៉ុន្តែទាហានអ៊ុយក្រែនបន្តកាន់កាប់តំបន់ឈរជើងរបស់ពួកគេនៅតំបន់ជាយក្រុង ហើយទីក្រុងនៅតំបន់មួយនេះ ស្ថិតក្រោមការផ្លោងគ្រាប់កាំភ្លើងធំជាញឹកញាប់ ។
តំបន់ Donetsk ដែលរួមមានទាំងទីក្រុង Donetsk និងទីក្រុង Mariupol ស្ថិតក្នុងចំណោមតំបន់ចំនួន ៤របស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ដោយផ្នែក ហើយការប្រកាសការគ្រប់គ្រងទីក្រុងរបស់ពួកគេកាលពីឆ្នាំ ២០២២ ត្រូវបានបណ្តាប្រទេសជាច្រើនចាត់ទុកថាខុសច្បាប់ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ។
តំបន់ Donetsk និងតំបន់តាំងលំនៅជិតខាង រងការផ្លោងគ្រាប់កាំភ្លើងធំជាញឹកញាប់ ចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន និងក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីកាលពីឆ្នាំ ២០១៤ ដែលពេលខ្លះបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិតផងដែរ ៕