ហែលទឹក៖ ការប្រកួតកីឡាហែលទឹកទីឆ្ងាយ ឬ Oper Water ជ្រើសរើសជើងឯកឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យក្រោយដំណើរការប្រកួត ១ថ្ងៃពេញនៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី៧ ខែវិច្ឆិកា ខណៈអ្នកជំនាញបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីចូលរួមម្នាក់ៗ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានគូសបញ្ជាក់ថា នេះជាការប្រកួតសម្រាប់តែក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោតែប៉ុណ្ណោះ។ គោលបំណងនៃការរៀបចំការប្រកួតហែលទឹកទីឆ្ងាយនេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកនៅកម្ពុជា ឲ្យកាន់តែមានភាពផុសផុលឡើងបន្ថែមទៀត ដ្បិតវិញ្ញាសានេះធ្លាប់ត្រូវបានរៀបចំការប្រកួតជាច្រើនឆ្នាំកាលពីអំឡុងឆ្នាំ១៩៩៣-១៩៩៩ ដែលជាការប្រកួតហែលឆ្លងទន្លេមុខព្រះបរមរាជវាំង។ ជាលទ្ធផលនៃការប្រកួត លោកបានវាយតម្លៃខ្ពស់ចំពោះបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលសបញ្ជាក់ឲ្យឃើញពីសមត្ថភាពពិតប្រាកដរបស់ពួគេ តាមរយៈការប្រកួតប្រជែងដោយសេរីលើទីលានចម្ងាយឆ្ងាយពី ៣គីឡូម៉ែត្ររហូតដល់ចម្ងាយ ៥គីឡូម៉ែត្រ។ ដូច្នេះលោករំពឹងថា សមិទ្ធផលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ នាថ្ងៃអនាគតលើប្រភេទកីឡាហែលទឹកនេះ។
ចំពោះលទ្ធផលនៃការប្រកួតកីឡាហែលទឹកទីឆ្ងាយឆ្នាំ២០២១ នេះសម្រាប់វិញ្ញាសាហែលទីឆ្ងាយផ្នែកបុរស ៥០០០ម៉ែត្រចំណាត់ថ្នាក់លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ធ្វើសម្រេចក្នុងថិរៈវេលា ១:១០:០៣.៣០, លេខ២ កីឡាករ ហែម ប៉ុច ប្រើថិរៈវវេលា ១:១០:០៣.៦៧ និងលេខ៣ បានទៅលើកីឡាករ ទួន ទិត្យសត្យា។ វិញ្ញាសាហែលទីឆ្ងាយ ៣០០០ម៉ែត្រនារី លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ធ្វើសម្រេចក្នុងថិរៈវេលា ៤៥:០៨.៩៦, លេខ២ កីឡាការិនី កាំង មុយនីន និងលេខ៣ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម ៣ ទៅ ៤វិនាទីប៉ុណ្ណោះ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕