ដោយជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយដែលត្រូវបានរិះគន់ជាសាធារណៈយ៉ាងខ្លាំងក្លាបំផុត ដែលបានរួមចំណែកធ្វើឲ្យអ្នកកាន់អំណាចរបស់ប្រទេសស្ថិតក្នុងភាពឯកោ អនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់ក្រុមតាលីបង់ បានអំពាវនាវឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោកព្រមបើកសាលារៀន ដើម្បីឲ្យក្មេងស្រីៗអាហ្វហ្គានីស្ថានបានចូលរៀនវិញ។

អ្នកដែលពីមុនបានដឹកនាំក្រុមអ្នកចរចា នៅឯការិយាល័យនយោបាយរបស់ក្រុមតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា មុនពេលកងកម្លាំងសហរដ្ឋអាមេរិកបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២០ គឺលោក Sher Mohammad Abbas Stanekzai បានលើកឡើងនៅក្នុងសុន្ទរកថាកាលពីចុងសប្តាហ៍កន្លងមកថា ការរឹតបន្តឹងលើក្មេងស្រីៗ និងការអប់រំរបស់ស្ត្រី គឺមិនស្របនឹងច្បាប់វិន័យ Sharia របស់សាសនាឥស្លាមទេ។
បើយោងតាមទូរទស្សន៍ក្នុងស្រុក Tolo ដោយសំដៅទៅលើឈ្មោះរបស់ក្រុមតាលីបង់ សម្រាប់ការគ្រប់គ្រងរបស់ខ្លួន លោកបាននិយាយថា៖ «យើងស្នើឲ្យមេដឹកនាំនៃប្រទេសអេមីរ៉ាតឥស្លាមបើកទ្វារឲ្យមានការអប់រំ»។ លោកបានបន្តថា៖ «នៅក្នុងយុគសម័យរបស់ព្យាការី Muhammad ទ្វារនៃចំណេះដឹង បានបើកចំហ សម្រាប់ទាំងបុរស និងស្ត្រី»។
ដោយសំដៅទៅលើចំនួនប្រជាជនជាស្ត្រីនៃប្រទេសអាហ្វហ្គានីស្ថាន លោកបានបន្ថែមថា៖ «សព្វថ្ងៃនេះ ក្នុងចំណោមប្រជាជន ៤០លាននាក់ យើងកំពុងធ្វើឲ្យមានភាពអយុត្តិធម៌ ចំពោះប្រជាជន ២០លាននាក់»។
ការអត្ថាធិប្បាយនេះ គឺស្ថិតក្នុងចំណោមការរិះគន់ជាសាធារណៈខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់មន្ត្រីតាលីបង់ ពាក់ព័ន្ធនឹងការបិទសាលា ដែលប្រភព និងមន្ត្រីការទូតរបស់តាលីបង់ បានប្រាប់សារព័ត៌មាន Reuters កាលពីមុនថា បម្រាមនេះត្រូវបានដាក់ដោយមេដឹកនាំសាសនាកំពូល លោក Haibatullah Akhundzada ទោះបីជាមានការមិនយល់ស្របផ្ទៃក្នុងខ្លះក៏ដោយ។
ក្រុមតាលីបង់បានប្រាប់ថា ពួកគេគោរពសិទ្ធិស្ត្រី ស្របតាមការពន្យល់នៃច្បាប់របស់សាសនាឥស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕

