យោងតាមមជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌ (HOCC) ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានឲ្យដឹងថា ក្រុមហ៊ួទីរបស់យេម៉ែននេះ នឹងកំណត់គោលដៅវាយប្រហាររបស់ពួកគេលើនាវាពាណិជ្ជកម្ម ចំពោះតែនាវាដែលជាប់ទាក់ទងជាមួយអ៊ីស្រាអែលប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។
នៅក្នុងអ៊ីម៉ែលមួយផ្ញើទៅកាន់មន្ត្រីឧស្សាហកម្មដឹកជញ្ជូនចុះថ្ងៃទី១៩ ខែមករា HOCC ដែលមានទំនាក់ទំនង រវាងកងកម្លាំងហ៊ួទី និងប្រតិបត្តិករដឹកជញ្ជូនពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមនេះកំពុងបញ្ឈប់ «សកម្មភាពវាយប្រហារ» ប្រឆាំងនឹងនាវាដែលគ្រប់គ្រងដោយបុគ្គល ឬអង្គភាពរបស់សហរដ្ឋអាមេរិក ឬអង់គ្លេស ក៏ដូចជានាវាដែលកំពុងចរាចរណ៍នៅក្រោមទង់ជាតិរបស់ប្រទេសទាំងនោះ។
អ៊ីម៉ែលនេះនេះបានសរសេរថា៖ «យើងសូមបញ្ជាក់ថា ក្នុងករណីមានការលុកលុយណាមួយប្រឆាំងនឹងសាធារណរដ្ឋយេម៉ែន ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សកម្មភាពវាយប្រហារ នឹងត្រូវបានចាប់ផ្ដើមឡើងវិញ ប្រឆាំងនឹងអ្នកលុកលុយ។ អ្នកនឹងត្រូវបានជូនដំណឹងភ្លាមៗ អំពីការមានវិធានការបែបនេះ ប្រសិនបើការវាយប្រហារត្រូវបានអនុវត្ត»។
HOCC បានបញ្ជាក់បន្ថែមថា ពួកគេនឹងបញ្ឈប់ការកំណត់គោលដៅលើនាវាដែលភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល «នៅពេលមានការអនុវត្តយ៉ាងពេញលេញនូវដំណាក់កាលទាំងអស់នៃកិច្ចព្រមព្រៀង»។
គួរបញ្ជាក់ថា ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើសកម្មភាពវាយប្រហារច្រើនជាង ១០០លើកលើនាវានានា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបានធ្វើឲ្យនាវា ២គ្រឿងលិច រឹបអូសបាន ១គ្រឿងទៀត ហើយបានសម្លាប់អ្នកដើរតាមនាវាយ៉ាងតិច ៤នាក់។ ពួកគេបានប្រាប់ ការវាយប្រហារនេះ គឺជាការបង្ហាញសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា អំឡុងពេលមានសង្គ្រាមជាមួយអ៊ីស្រាអែល៕