ប្រទេសរុស្សីបានបើកការស៊ើបអង្កេត បន្ទាប់ពីវីដេអូឃ្លីបត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដែលបង្ហាញពីអ្វីដែលហាក់ដូចជានគរបាលយោធាម្នាក់ កំពុងវាយដំទាហានជាប់កិច្ចសន្យាដោយដំបង និងប្រើកាំភ្លើងឆក់ពួកគេ ពេលធ្វើដំណើរឆ្ពោះទៅប្រទេសអ៊ុយក្រែន។
នៅក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញបុរសម្នាក់ក្នុងឯកសណ្ឋាននគរបាលយោធារុស្ស៊ី ដើរសំដៅទៅទាហានម្នាក់ ហើយវាយរូបគេឲ្យដួលទៅដី ដោយដំបង ខណៈពេលដែលស្រែកជេរ និងធ្វើឲ្យរូបគេភាំង ដោយប្រើកាំភ្លើងឆក់។ ទាហានម្នាក់ទៀតដែលដើរដោយឈើច្រត់ ត្រូវបានឃើញថា ត្រូវបានគេវាយដំ និងធ្វើឲ្យភាំងដោយកាំភ្លើងឆក់ ខណៈដែលបុរសពាក់ឯកសណ្ឋាននគរបាលយោធាតម្រូវឲ្យពួកគេដោះសម្លៀកបំពាក់។
ពេលវេលានៅលើវីដេអូដែលត្រូវបានចែកចាយនៅលើកម្មវិធីផ្ញើសារ Telegram ដោយអ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី គឺថ្ងៃទី១៦ ខែមករា ហើយអាជ្ញាធរ ក្នុងតំបន់ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅអង្គភាពមួយ ក្នុងទីក្រុង Kyzyl នៅតំបន់ Tuva ដែលជាតំបន់ស៊ីបេរីភាគខាងត្បូង។
គេមិនដឹងច្បាស់ទេថា តើអ្វីដែលជំរុញឲ្យមានការវាយដំលើទាហានបែបនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី បានប្រាប់ថា ទាហានដែលរងរបួសនោះ បានចាកចេញពីមន្ទីរពេទ្យ ដើម្បីត្រលប់ទៅសមរភូមិជួរមុខ នៅប្រទេសអ៊ុយក្រែនវិញ៕