លោកប្រធានាធិបតីអាមេរិក Donald Trump មិនបានដាក់ពន្ធភ្លាមៗទេកាលពីថ្ងៃចន្ទ (២០ មករា) ដូចដែលបានសន្យាពីមុនមក ប៉ុន្តែបានបញ្ជាទីភ្នាក់ងារសហព័ន្ធឱ្យ "ស៊ើបអង្កេត និងដោះស្រាយ" ឱនភាពពាណិជ្ជកម្មជាប់លាប់របស់អាមេរិក និងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងឧបាយកលរូបិយប័ណ្ណដោយប្រទេសផ្សេងៗ ដែលជាការផ្លាស់ប្ដូរពាណិជ្ជកម្មដ៏ធំ។

លោក Trump ដែលស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងសុន្ទរកឡើងកាន់តំណែងរបស់ខ្លួនថា សហរដ្ឋអាមេរិក នឹងប្រមូល "ចំនួនដ៏ច្រើន" នៃប្រាក់ចំណូលពីកាតព្វកិច្ចពាណិជ្ជកម្មបរទេស ខណៈរដ្ឋបាលរបស់លោកប្រឹងប្រែងធ្វើការដើម្បីកសាងឧស្សាហកម្មអាមេរិកឡើងវិញ។

ទោះលោក Trump និយាយថាមិនមានផែនការពន្ធជាក់លាក់ណាមួយក្នុងសុន្ទរកថាកាន់តំណែងរបស់ខ្លួនក៏ដោយ ក៏លោក និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកបាននិយាយថា ពន្ធទាំងនោះជិតមកដល់ហើយ ហើយនឹងត្រូវប្រមូលដោយទីភ្នាក់ងារថ្មីហៅថា សេវាចំណូលខាងក្រៅ ឬ ERS។ លោក Trump បន្ថែមថា គោលនយោបាយរបស់លោកនឹងធ្វើឱ្យអាមេរិកក្លាយជា "ប្រទេសផលិតដ៏ធំម្តងទៀត"។
នៅថ្ងៃចន្ទដដែលនេះ លោក Trump និយាយថាលោកកំពុងគិតចង់ដំឡើងពន្ធ ២៥% លើការនាំចូលពីកាណាដា និងម៉ិកស៊ិក ដោយសារតែពួកគេអនុញ្ញាតឱ្យមនុស្សជាច្រើនឆ្លងកាត់ព្រំដែន ក៏ដូចជាសារធាតុហ្វង់តានីល ហើយសកម្មភាពនេះអាចកើតមាននៅថ្ងៃទី១ ខែកុម្ភៈ៕