លោកប្រធានាធិបតី Donald Trump ជាថ្មីម្តងទៀត បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ (២០ មករា) ដែលជាការដកប្រភពបញ្ចេញឧស្ម័នជាប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់ពិភពលោក ចេញពីកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ជាលើកទីពីរក្នុងរយៈពេលមួយទសវត្សរ៍។

ជំហាននេះបានធ្វើឱ្យអាមេរិក រួមជាមួយនឹងអ៊ីរ៉ង់ លីប៊ី និងយេម៉ែន ជាប្រទេសតែបួនគត់នៅលើពិភពលោកដែលនៅក្រៅសន្ធិសញ្ញាឆ្នាំ២០១៥ ដែលក្នុងនោះរដ្ឋាភិបាលនានាបានយល់ព្រមដាក់កំណត់ការឡើងកម្ដៅផែនដីត្រឹម ១,៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដ៏អាក្រក់បំផុតនៃបម្រែបម្រួលអាកាសធាតុ។

នេះឆ្លុះបញ្ចាំងពីការសង្ស័យរបស់លោក Trump អំពីការឡើងកម្ដៅផែនដី ដែលលោកបានហៅថាជាការបោកបញ្ឆោត ហើយសមស្របនឹងរបៀបវារៈដ៏ទូលំទូលាយរបស់លោក ដើម្បីកុំឱ្យមានការគម្រាមកំហែងដល់ម៉ាស៊ីនខួងយកប្រេង និងឧស្ម័នរបស់អាមេរិក ពីបទប្បញ្ញត្តិដ៏ស្មុគស្មាញ ទើបគម្រោងទាំងនោះអាចបង្កើនទិន្នផលបានច្រើន។
លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ នៅចំពោះមុខហ្វូងអ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅទីលាន Capital One ក្នុងទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក ត្រូវតែជូនដំណឹងជាផ្លូវការដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីការដកខ្លួននេះ ដែលក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនឹងត្រូវចូលជាធរមានក្នុងពេលមួយឆ្នាំក្រោយមក៕