ការពន្យារពេលកាលពីថ្ងៃអាទិត្យចំពោះការចាប់ផ្តើមបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងឧប្បត្តិហេតុនៅថ្ងៃចន្ទ ២០ មករា ដែលទាហានអ៊ីស្រាអែល បាញ់លើជនជាតិប៉ាឡេស្ទីនដែលចូលទៅជិតពួកគេ បានគូសបញ្ជាក់ពីភាពច្របូកច្របល់មួយចំនួនដែលទំនងជាដាក់បន្ទុកលើកិច្ចព្រមព្រៀងដ៏ផុយស្រួយ នៅក្នុងស្រមោលនៃការមិនទុកចិត្តគ្នាទៅវិញទៅមក និងភាពជូរចត់ ដែលនាំឱ្យក្រុមសម្រុះសម្រួលត្រៀមលក្ខណៈនៅប្រចាំការរារាំងបញ្ហា។

កាតា និងអេហ្ស៊ីប ដែលបានសម្រុះសម្រួលកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក បានបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងមួយដើម្បីដោះស្រាយរាល់ឧបសគ្គ ដែលមន្ត្រីធ្វើការលើកិច្ចព្រមព្រៀងនេះ គិតថានឹងអាចមានការប៉ះទង្គិចគ្នាថ្មីរវាងសត្រូវទាំងពីរ ដែលជាប់គាំងនៅក្នុងវដ្តនៃសង្គ្រាមហ្កាហ្សាអស់ពេលជាច្រើនឆ្នាំ។

លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយថា៖ "កិច្ចព្រមព្រៀងប្រភេទនេះមិនងាយរក្សាបានឡើយ ជាពិសេសនៅក្នុងតំបន់សង្រ្គាម ជាទីដែលស្ថានការណ៍អាចផ្លាស់ប្តូរគ្រប់ពេល ទោះដោយចៃដន្យ ឬបំណងនយោបាយពីភាគីណាក៏ដោយ"។

ជាមួយនឹងកម្រិតនៃការជឿទុកចិត្តទាបបំផុតរវាងភាគីទាំងពីរដែលបានប្រយុទ្ធគ្នាជាច្រើនជំនាន់ គ្រោះថ្នាក់ដែលអាចកើតមានពីការប្រឈមមុខគ្នាដោយចៃដន្យ ឬដោយចេតនាក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់មានកម្រិតខ្ពស់ ជាពិសេសជម្លោះលើអត្តសញ្ញាណ និងស្ថានភាពនៃចំណាប់ថ្នូរដែលត្រូវដោះលែង ឬត្រឡប់ទៅវិញ៕