លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើក្រឹត្យមួយជាការចាប់ផ្តើមដំណើរដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ។ ការប្រកាសនេះស្ថិតក្នុងចំណោមសកម្មភាពរាប់សិបដែលលោកបានចុះហត្ថលេខាបន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទទី២០មករាសប្ដាហ៍នេះសម្រាប់អាណត្តិទីពីរលើបញ្ហាជាច្រើនចាប់ពីអន្តោប្រវេសន៍រហូតដល់គោលនយោបាយការបរទេសនិងបម្រែបម្រួលអាកាសធាតុជាដើម។

នេះជាលើកទីពីរក្នុងរយៈពេលតិចជាង៥ឆ្នាំដែលលោកបានបញ្ជាឱ្យប្រទេសនេះដកខ្លួនចេញពីអង្គការនេះ ទោះក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនមានការបារម្ភថា ទង្វើនេះអាចនាំឲ្យមានការដើរថយក្រោយ ជាច្រើនទសវត្សរ៍ដែលបានធ្វើឡើងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងក៏ដោយ។ ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា វិធានការនេះអាចធ្វើឱ្យប្រព័ន្ធការពាររបស់ពិភពលោកចុះខ្សោយប្រឆាំងនឹងការផ្ទុះឡើងថ្មីដ៏គ្រោះថ្នាក់ដែលអាចបង្កឱ្យមានជំងឺរាតត្បាត។

WHO បានរងការរិះគន់យ៉ាងខ្លាំងពីលោក Trump ក្នុងឆ្នាំ ២០២០ សម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះជំងឺរាតត្បាតសកល COVID-19 ដែលបានកើនឡើងទៅជាវិបត្តិសុខភាពទូទាំងពិភពលោកក្នុងអំឡុងឆ្នាំចុងក្រោយនៃអាណត្តិដំបូងរបស់លោក។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញ ដោយសារតែការចាត់វិធានការមិនត្រឹមត្រូវរបស់អង្គការនេះចំពោះជំងឺរាតត្បាតសកល COVID-19 ដែលផ្ទុះឡើងដំបូងចេញពីទីក្រុង អ៊ូហាន (Wuhan) ប្រទេសចិន និងវិបត្តិសុខភាពពិភពលោកផ្សេងទៀត ការបរាជ័យរបស់ខ្លួនក្នុងការអនុម័តកំណែទម្រង់ដែលត្រូវការជាបន្ទាន់ និងអសមត្ថភាពក្នុងការបង្ហាញពីឯករាជ្យភាពពីឥទ្ធិពលនយោបាយមិនសមរម្យរបស់រដ្ឋជាសមាជិក WHO ។
អាមេរិក ក៏បានចោទប្រកាន់ WHO ពីការទាមទារ ការបង់ប្រាក់ដ៏អយុត្តិធម៌ពីសហរដ្ឋអាមេរិក ដែលមានគម្លាតឆ្ងាយពីសមាមាត្រជាមួយនឹងការទូទាត់ដែលបានវាយតម្លៃរបស់ប្រទេសដទៃទៀត ។
ក្រឹត្យនេះបាននិយាយថាលោក Trump កំពុងផ្ញើលិខិតប្រធានាធិបតីទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីជូនដំណឹងជាផ្លូវការពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួន៕