យោងតាមទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS)បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបណ្តាលឱ្យមនុស្ស ១៥ នាក់រងរបួសស្រាល។

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១២:១៧នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយចំណុចកណ្តាលរបស់ការរញ្ជួយនេះស្ថិតចម្ងាយ១២ គីឡូម៉ែត្រ ភាគខាងជើងនៃស្រុកយូជីង (Yujing) ក្នុងជម្រៅ១០ គីឡូម៉ែត្រ ។ រដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់បានកត់ត្រាថាមានកម្រិត ៦,៤រ៉ិចទ័រ ។ 
ពុំមានរបាយការណ៍ភ្លាមៗពីការស្លាប់ដោយសារការរញ្ជួយដីនេះទេ ទោះបីជាក្រុមអ្នកជួយសង្គ្រោះនៅតែវាយតម្លៃការខូចខាតក៏ដោយ។
នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់បាននិយាយថា មនុស្ស ១៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួសស្រាល ។ក្នុងចំណោម៦នាក់ មានក្មេងម្នាក់ដែលត្រូវបានគេជួយសង្គ្រោះពីផ្ទះបាក់រលំនៅក្នុងសង្កាត់ណានស៊ី ( Nanxi ) នៃទីក្រុង តៃណាន (Tainan។
កាលពីខែមេសាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត៧.៤រ៉ិចទ័របានវាយប្រហារលើឆ្នេរភាគខាងកើតតំបន់ភ្នំ ហួលៀន (Hualien) របស់កោះនេះ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងជាង១.០០០នាក់ ផ្សេងទៀតរងរបួស ក្នុងការរញ្ជួយដីខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ ឆ្នាំ៕