ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារ (២១ មករា) នេះ គ្រោងនឹងចូលរួមក្នុងសវនាការរបស់តុលាការធម្មនុញ្ញ លើការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងរបស់លោក ជាទីដែលមេដឹកនាំត្រូវឃុំខ្លួនរូបនេះ អាចមានឱកាសជជែកតវ៉ារឿងក្តីរបស់ខ្លួន ឬឆ្លើយសំណួរតុលាការ ជុំវិញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

ក្រុមមេធាវី និយាយថា លោក Yoon នឹងបង្ហាញខ្លួននៅថ្ងៃអង្គារនេះ នៅឯតុលាការធម្មនុញ្ញ ដែលកំពុងពិនិត្យមើលឡើងវិញនូវសំណើចោទប្រកាន់ទម្លាក់តំណែង ដែលចោទលោកពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ក្រុមចៅក្រមនឹងសម្រេចថា តើត្រូវដកលោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់លោកឱ្យកាន់តំណែងឡើងវិញ។

ការសម្រេចចិត្តរបស់លោក Yoon ក្នុងការចូលរួមសវនាការចោទប្រកាន់ទម្លាក់តំណែងនេះ ផ្ទុយទៅនឹងការជំទាស់យ៉ាងខ្លាំងក្លារបស់លោកចំពោះដំណើរការនីតិវិធីព្រហ្មទណ្ឌ ដែលលោកបានបដិសេធមិនឆ្លើយតបការកោះហៅដោយអ្នកស៊ើបអង្កេត ឬចូលរួមក្នុងការរចម្លើយ។

ក្រុមអ្នកច្បាប់របស់លោក Yoon បដិសេធថា លោកមិនបានធ្វើមេខ្លោងបះបោរអ្វីទេ ដោយនោះជាទោសព្រហ្មទណ្ឌនៅក្នុងកូរ៉េខាងត្បូង ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬអាចកាត់ទោសប្រហារជីវិតផងដែរ៕