ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបស្បថចូលកាន់តំណែងថ្មី លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងប្រកាសការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ជាគ្រាអាសន្នជាតិ ដោយបញ្ជូនទាហានទៅទីនោះ និងបង្កើនការនិរទេសអ្នកល្មើសបទព្រហ្មទណ្ឌ ដោយបញ្ជាក់ពីការបង្ក្រាប នៅក្នុងសុន្ទរកថាឡើងកាន់តំណែងរបស់លោក។

ភ្លាមៗក្រោយការឡើងកាន់តំណែង អាជ្ញាធរព្រំដែនសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានបិទកម្មវិធីចូលដោយស្របច្បាប់របស់ប្រធានាធិបតី លោក Joe Biden ដែលត្រូវបានគេស្គាល់ថា កម្មវិធី CBP One អនុញ្ញាតឱ្យជនអន្តោប្រវេសន៍រាប់សែននាក់ចូលទៅសហរដ្ឋអាមេរិកដោយស្របច្បាប់ដោយកំណត់ពេលណាត់ជួបតាមកម្មវិធីមួយនេះ។ ការណាត់ជួបដែលបានធ្វើរួចហើយ ត្រូវបានលុបចោលវិញ នេះបើយោងតាមអាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក។

លោក Trump បាននិយាយថា លោកនឹងចាត់ទុកក្រុមអ្នកល្មើសជាអង្គការភេរវកកម្មបរទេស ជាផ្នែកមួយនៃចំណាត់ការដែលអាចធ្វើអោយទំនាក់ទំនងអាមេរិក និងម៉ិកស៊ិក រង្គោះរង្គើ។
លោក Trump មកពីគណបក្សសាធារណរដ្ឋ បានដណ្តើមយកសេតវិមានមកវិញបន្ទាប់ពីបានសន្យាថានឹងពង្រឹងសន្តិសុខនៅតាមព្រំដែន និងនិរទេសជនអន្តោប្រវេសន៍ច្រើនបំផុត។
ខណៈ លោក Trump បានរិះគន់លោក Biden គណបក្សប្រជាធិបតេយ្យ សម្រាប់អន្តោប្រវេសន៍ខុសច្បាប់ហក់ឡើងខ្ពស់ក្នុងអំឡុងកាន់តំណែងប្រធានាធិបតីរបស់លោក។
គណបក្សសាធារណរដ្ឋ បាននិយាយថា ការនិរទេសទ្រង់ទ្រាយធំគឺចាំបាច់ បន្ទាប់ពីជនអន្តោប្រវេសន៍រាប់លាននាក់ បានឆ្លងចូលដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងរបស់ប្រធានាធិបតី លោក Biden។ មានជនអន្តោប្រវេសន៍ប្រហែល១១លាននាក់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬក្នុងស្ថានភាពបណ្តោះអាសន្ននៅពេលចាប់ផ្តើមឆ្នាំ២០២២។