ប្រធានគណៈកម្មាធិការសង្គ្រោះអន្តរជាតិ លោក David Miliband បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែមករា ថា លំហូរនៃជំនួយចូលទៅកាន់តំបន់ហ្កាហ្សា អាចត្រូវការពេលវេលាដើម្បីបង្កើនជំនួយនេះ ខណៈ រថយន្តដឹកជំនួយ បានដឹកជញ្ជូននៅថ្ងៃទីពីរបន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់។

កិច្ចព្រមព្រៀងបទឈប់បាញ់ តម្រូវឱ្យរថយន្តដឹកជំនួយចំនួន៦០០គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃនៃបទឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង រួមទាំងរថយន្តដឹកប្រេង៥០គ្រឿង។ លោក Miliband បាននិយាយទៅកាន់សារព័រ៌មាន Reuters នៅទីក្រុងឡុងដ៍ថា «នេះជាការបង្កើនជំនួយដ៏ច្រើន»។ ប៉ុន្តែលោកព្រួយបារម្ភថា វានឹងត្រូវការពេលវេលា។ យើងចង់បង្កើនជំនួយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

លោកបាននិយាយថាគណៈកម្មការកាកបាទក្រហមអន្តរជាតិ(IRC) នៅតំបន់ហ្កាហ្សា បានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ ទឹក និងអនាម័យ ការការពារកុមារ និងការថែទាំសុខភាពផ្សេងទៀត។
ស្របតាមអ្នកដឹកនាំជំនួយមនុស្សធម៌ផ្សេងទៀត លោក Miliband បាននិយាយថា ការផ្តល់មូលនិធិគឺត្រូវការជាចាំបាច់សម្រាប់ការឆ្លើយតបប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ហ្កាហ្សា សម្រាប់អ្វីដែលលោកបានពិពណ៌នាថាជា «ការបង្កើនជំនួយច្រើនបំផុតដែលអ្នកអាចស្រមៃបាន ព្រោះវាជាគ្រាអាសន្នដ៏ធំ»។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា រថយន្តដឹកជំនួយចំនួន៦៣០គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃមួយនៃបទឈប់បាញ់។
និយាយនៅមុនពេលការចូលកាន់តំណែងរបស់ប្រធានាធិបតី Donald Trump នៅទីក្រុងវ៉ាស៊ីនតោន លោក Miliband បានព្រមានថា រដ្ឋាភិបាលនៅទូទាំងពិភពលោកកំពុងដើរថយក្រោយពីការដោះស្រាយបញ្ហាអន្តរជាតិ ទោះបីជាតម្រូវការមនុស្សធម៌ កើនឡើងក៏ដោយ។
លោក Trump ពុំបានបញ្ជាក់ពីផែនការរបស់លោកសម្រាប់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋបាលលើកទីពីររបស់លោកទេ ប៉ុន្តែលោកបានព្យាយាមកាត់បន្ថយការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកនៅក្នុងអាណត្តិដំបូងរបស់លោក។ លោក Miliband និយាយថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតសម្រាប់គណៈកម្មការកាកបាទក្រហមអន្តរជាតិ(IRC) ។