កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៥ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងពេលមានភាពមិនប្រាកដប្រជា។

ប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់យុគសម័យAI» ដែលព្រឹត្តិការណ៍រយៈពេលប្រាំថ្ងៃនេះ បាននាំមកនូវការជួបជុំអ្នកចូលរួមជិត៣.០០០នាក់ មកពីតំបន់ និងឧស្សាហកម្មនានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗមាន៖ ការគិតឡើងវិញនូវកំណើន ឧស្សាហកម្មក្នុងយុគសម័យAI ការវិនិយោគលើមនុស្ស ការការពារភពផែនដី និងការកសាងទំនុកចិត្តឡើងវិញ។
លោក ក្លៅ ស្វប់(Klaus Schwab) ស្ថាបនិក និងជាប្រធានគណៈកម្មការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាននិយាយថា កិច្ចប្រជុំនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ ដើម្បីរៀបចំយុគសម័យAI នាពេលខាងមុខតាមរបៀបប្រកបដោយនិរន្តរភាព និងសមាហរណកម្មក្នុងការប្រឈមនឹងបញ្ហានានា ក្នុងយុគសម័យAI។

នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លោក Jeremy Jurgens បាននិយាយថា ភាគីជាច្រើន កំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។