មេបញ្ជាការយោធាអ៊ុយក្រែន លោក Oleksandr Syrskyi និយាយថា ទាហានកូរ៉េខាងជើងដែលត្រូវបានបណ្តុះបណ្តាលមួយចំនួនធំ ត្រូវបានដាក់ពង្រាយនៅភាគខាងលិចប្រទេសរុស្ស៊ី។ លោក បាននិយាយថា ទាហានកូរ៉េខាងជើងត្រូវបានដាក់ចល័តក្នុងតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បន្តការវាយលុកឆ្លងព្រំដែន។

លោកអះអាងថា ទាហានដែលមានការលើកទឹកចិត្ត និងត្រូវបានបណ្តុះបណ្តាល មានចំនួនពី១១.០០០នាក់ ទៅ១២.០០០នាក់ បានចូលរួមក្នុងប្រតិបត្តិការវាយលុក ហើយកំពុងទទួលបានប្រយោជន៍ពីចំនួនដ៏ច្រើនរបស់ពួកគេ។

លោក Syrskyi និយាយថា យោធាអ៊ុយក្រែន ពេលខ្លះប្រឈមនឹងកង្វះគ្រាប់រំសេវ ដើម្បីបំផ្លាញអង្គភាពកូរ៉េខាងជើងទាំងនោះ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ស្ទើរតែពាក់កណ្តាលនៃទាហានកូរ៉េខាងជើង បានរងរបួស ឬស្លាប់។
នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយថា ៤៣៤ករណីនៅក្នុងខែធ្នូ កន្លងទៅនេះ យោធារុស្ស៊ី បានប្រើប្រាស់គ្រាប់រំសេវមានសារធាតុគីមីដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាអាវុធគីមី។ រុស្ស៊ី ជាសមាជិកនៃអនុសញ្ញានេះ។
លោកនាយសេនាធិការ ក៏បាននិយាយថា រុស្ស៊ីបានប្រើប្រាស់អាវុធបែបនេះជិត៥.៤០០ករណី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ និងបានថ្កោលទោសរុស្សី ដោយនិយាយថា ប្រទេសនេះបំពានច្បាប់សង្រ្គាមយ៉ាងខ្លាំង ហើយមិនអើពើទៅនឹងកាតព្វកិច្ចដែលបានកំណត់ដោយអនុសញ្ញានេះ។