តុលាការឥណ្ឌា កាលពីថ្ងៃចន្ទ (២០ មករា) បានកាត់ទោសដាក់ពន្ធនាគារមួយជីវិតដល់នគរបាលស្ម័គ្រចិត្តម្នាក់ដែលជាជនល្មើសក្នុងរឿងក្ដីរំលោភសម្លាប់ដ៏កក្រើកលើវេជ្ជបណ្ឌិតហាត់ការម្នាក់ នៅមន្ទីរពេទ្យក្នុងទីក្រុង Kolkata ភាគខាងកើត ខណៈបដិសេធការទាមទារឱ្យមានការកាត់ទោសប្រហារជីវិត ដោយនិយាយថានេះមិនមែនជា "ឧក្រិដ្ឋកម្មដ៏កម្រ" នោះទេ។

សាកសពគ្រូពេទ្យស្ត្រីម្នាក់ត្រូវបានរកឃើញនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R G Kar ដែលគ្រប់គ្រងដោយរដ្ឋ និងជាទីដែលជនរងគ្រោះរូបនោះធ្វើការ កាលពីថ្ងៃទី០៩ ខែសីហា។ គ្រូពេទ្យផ្សេងទៀតបានឈប់ធ្វើការជាច្រើនសប្តាហ៍ ដើម្បីទាមទារយុត្តិធម៌ និងសន្តិសុខកាន់តែប្រសើរឡើងនៅមន្ទីរពេទ្យរដ្ឋ ខណៈឧក្រិដ្ឋកម្មនេះបង្កឱ្យមានការខឹងសម្បារទូទាំងប្រទេស ចំពោះកង្វះសុវត្ថិភាពសម្រាប់ស្ត្រី។

នគរបាលសហព័ន្ធដែលបានស៊ើបអង្កេតករណីនេះនិយាយថា ឧក្រិដ្ឋកម្មនេះស្ថិតក្នុងប្រភេទ "កម្របំផុត" ហើយជនល្មើស Sanjay Roy សមនឹងទទួលការកាត់ទោសប្រហារជីវិត។ ប៉ុន្តែចៅក្រមមិនយល់ស្របទេ ដោយនិយាយថា ការសម្រេចនេះគឺបន្ទាប់ពីពិចារណាលម្អិតលើភ័ស្តុតាងទាំងអស់ និងកាលៈទេសៈពាក់ព័ន្ធ។

ឪពុកម្តាយនារីរងគ្រោះ លើកឡើងថា ពួកគេមិនពេញចិត្តនឹងការស៊ើបអង្កេតទេ ហើយសង្ស័យថាមានមនុស្សច្រើននាក់ទៀតជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មនេះ។ ក្រុមគ្រូពេទ្យហាត់ការ និងអ្នកផ្សេងទៀតបានធ្វើបាតុកម្មនៅខាងក្រៅតុលាការ ដោយទាមទារឱ្យកាត់ទោសតឹងរ៉ឹងជាងនេះលើជនល្មើស៕