ប្រជាជនសហរដ្ឋអាមេរិក បានបន្តខ្វែងគំនិតគ្នាយ៉ាងជូរចត់កាលពីថ្ងៃចន្ទ (២០ មករា) ដោយអ្នកគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកសរសើរសកម្មភាពប្រតិបត្តិដ៏ឆាប់រហ័សរបស់លោក ខណៈអ្នករិះគន់ចំអកដល់ផែនការនិរទេសដ៏ធំ និងមិនពេញចិត្តចំពោះការរុញច្រានគោលនយោបាយជាច្រើនរបស់លោក ហើយអ្នកខ្លះទៀត និយាយថា ពួកគេមិនខ្វល់អ្វីសោះចំពោះតំណែងថ្មីរបស់លោក Trump។

កិច្ចសម្ភាសន៍ជាច្រើនជាមួយជនជាតិអាមេរិកទូទាំងប្រទេស បានបង្ហាញថា ប្រទេសនេះនៅតែខ្វែងគំនិតបែបបាក់គ្នា បើទោះបីជាលោក Trump នៅក្នុងសុន្ទរកថាកាន់តំណែងរបស់ខ្លួន បានព្យាយាមបង្ហាញថាលោកជាអ្នកបង្កើតសន្តិភាព និងបង្រួបបង្រួមក៏ដោយ។

ពលរដ្ឋបានសម្តែងក្ដីបារម្ភថា គោលនយោបាយអន្តោប្រវេសន៍របស់លោក Trump នឹងរំខានដល់ឌំណើរការផ្សេងៗ រួមទាំងឧស្សាហកម្មសំណង់ និងកសិកម្ម ដែលពឹងផ្អែកលើកម្លាំងពលកម្មជនអន្តោប្រវេសន៍។
លោក Trump កាន់តំណែងក្នុងពេលដែលអត្រាការប្រាក់ធ្លាក់ចុះ និងកំណើនការងារជាវិជ្ជមាន។ ខណៈអ្នកបោះឆ្នោតជាច្រើន ដែលមិនសប្បាយចិត្តនឹងសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក Joe Biden បានសម្តែងសុទិដ្ឋិនិយមចំពោះការវិលត្រឡប់របស់លោក Trump អ្នកវិភាគជាច្រើនព្រមានថា គោលនយោបាយរបស់មេដឹកនាំអាមេរិកថ្មីរូបនេះ នឹងមានផលអាក្រក់សម្រាប់សេដ្ឋកិច្ចធំបំផុតក្នុងពិភពលោករបស់ទីក្រុងវ៉ាស៊ីនតោន៕