ទាហានឈ្លើយសឹកកូរ៉េខាងជើង ដែលរងរបួស និងត្រូវចាប់ខ្លួនដោយអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី បានប្រាប់អ្នកសួរចម្លើយថា ទាហានរបស់ទីក្រុងព្យុងយ៉ាង ដែលកំពុងប្រយុទ្ធរួមនឹងទីក្រុងមូស្គូ កំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមវីដេអូផ្លូវការដែលចេញផ្សាយកាលពីថ្ងៃចន្ទ (២០ មករា)។

អ៊ុយក្រែន បានចាប់ខ្លួនទាហានកូរ៉េខាងជើងពីរនាក់នៅតំបន់ព្រំដែនរុស្ស៊ីនេះ ហើយបានបង្ហោះវីដេអូនៃការសួរចម្លើយរបស់ពួកគេ ដោយនិយាយរៀបរាប់ពីបទពិសោធន៍ក្នុងការប្រយុទ្ធរបស់ខ្លួន និងរឿងរ៉ាវជាច្រើនទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានបង្ហោះវីដេអូរបស់ទាហានកូរ៉េខាងជើងវ័យក្មេងម្នាក់ ដែលនិយាយថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់ណាស់ បន្ទាប់ពីខ្លួនបានចូលសមរភូមិកាលពីថ្ងៃទី០៣ ខែមករា មក។
ទីក្រុងមូស្គូ មិនបានបដិសេធ ឬទទួលស្គាល់ការដាក់ពង្រាយកងកម្លាំងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីប្រយុទ្ធនៅក្នុងតំបន់ Kursk ដូចដែលបានបញ្ជាក់ដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននោះទេ៕