នៅពេលដែលបទឈប់បាញ់បាននាំមកនូវភាពស្ងប់ស្ងាត់ដល់ទីក្រុងដ៏បំផ្លិចបំផ្លាញរបស់តំបន់ហ្កាហ្សា ក្រុមហាម៉ាសបានងើបចេញពីការលាក់ខ្លួនយ៉ាងរហ័ស ដែលហាក់បង្ហាញពីសមត្ថភាពគ្រប់គ្រងរបស់ក្រុមនេះ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស មិនត្រឹមតែបានរស់រានពីសង្គ្រាមរយៈពេល ១៥ខែជាមួយអ៊ីស្រាអែលប៉ុណ្ណោះទេ — ដែលជាជម្លោះមានមនុស្សស្លាប់ និងបំផ្លិចបំផ្លាញបំផុតនៅក្នុងការចងចាំនាពេលថ្មីៗនេះ — ប៉ុន្តែក្រុមនេះនៅតែរក្សាបានយ៉ាងរឹងមាំក្នុងការគ្រប់គ្រងលើទឹកដីតំបន់ឆ្នេរ ដែលឥឡូវនេះមានលក្ខណៈដូចជាវាលរហោរឋានដ៏បំផ្លិចបំផ្លាញ។

ទោះជាអ៊ីស្រាអែល ដាក់ពង្រាយកម្លាំងយោធាដ៏ធំសម្បើមនៅតំបន់ហ្កាហ្សា ប៉ុន្តែបានបរាជ័យក្នុងការដកក្រុមហាម៉ាសចេញពីអំណាច ដែលជាគោលដៅចម្បងមួយនៃសង្រ្គាមរបស់ខ្លួន។ នោះទំនងជាអាចធ្វើមានឱ្យការវិលត្រឡប់នៃការប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះម្ដងទៀត ប៉ុន្តែលទ្ធផលក៏នៅតែអាចដូចគ្នា។
ទិដ្ឋភាពនៅកន្លែងផ្សេងទៀតនៅហ្កាហ្សា បង្ហាញពីនគរបាលរាប់ពាន់នាក់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានលេចចេញជារូបរាងឡើងវិញ ដែលធ្វើឱ្យវត្តមានរបស់ពួកគេត្រូវបានស្គាល់ សូម្បីតែនៅក្នុងតំបន់រងការបំផ្លាញខ្លាំងបំផុតនេះក៏ដោយ។
ការស្ទង់មតិបង្ហាញថា មានតែជនជាតិប៉ាឡេស្ទីនភាគតិចប៉ុណ្ណោះដែលគាំទ្រក្រុមហាម៉ាស។ ប៉ុន្តែក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលមិនទទួលយកអត្ថិភាពរបស់អ៊ីស្រាអែលមួយនេះ បានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមប៉ាឡេស្ទីន ជាមួយនឹងក្រុមប្រដាប់អាវុធ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសប្បុរសធម៌ ដែលមានតាំងពីការបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ មក៕