បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ការរំលឹកខួបបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿង និងទិវាកំណើតកងយោធពលខេមរភូមិន្ទ គឺធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លាគំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដែលបានពុះពារតស៊ូប្រយុទ្ធធ្វើពលីកម្មជីវិតយ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុការពារជាតិមាតុភូមិព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាព។











