ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi កាលពីថ្ងៃចន្ទ បានណែនាំកងទ័ពឲ្យរៀបចំផែនការសម្រាប់ការវាយប្រហារជាថ្មី នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាដ៏ផុយស្រួយ បានចូលជាធរមាន។
នៅក្នុងកិច្ចប្រជុំវាយតម្លៃស្ថានភាព លោក Halevi «បានណែនាំអំពីការរៀបចំផែនការសម្រាប់ប្រតិបត្តិការប្រយុទ្ធបន្តទៀត ទាំងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងលីបង់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធា។
លោកបាននិយាយថា ខណៈពេលដែលប្រតិបត្តិការវាយលុក ត្រូវបានបញ្ឈប់ មាន«ការត្រៀមលក្ខណៈកាន់តែខ្លាំងឡើងសម្រាប់ការការពារ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។
លោកបានបន្ថែមថា យោធា «ចាំបាច់់ត្រូវតែត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសំខាន់ៗ នៅតំបន់វេសបែង (West Bank) ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់ និងចាប់ខ្លួនភេរវករ មុនពេលពួកគេទៅដល់ជនស៊ីវិលរបស់យើង»។
លោក Halevi មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការរៀបចំផែនការវាយប្រហារនោះទេ។
កាលពីថ្ងៃទី ១៥ ខែមករា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ចំណាប់ថ្នូរ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលយ៉ាងខ្លាំងដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃ ក្នុងអំឡុងពេលដែលការប្រយុទ្ធគ្នាជាង ១៥ ខែ នៅតំបន់ហ្កាហ្សា នឹងត្រូវបញ្ឈប់ ហើយចំណាប់ថ្នូរ ៣៣នាក់ ដែលត្រូវបានឃុំខ្លួន នៅហ្កាហ្សា នឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។