ប្រធានាធិបតីលីបង់ លោក Joseph Aoun បានទទួលសារជាលាយលក្ខណ៍អក្សរពីសមភាគីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ ដោយបានបញ្ជាក់ «ការត្រៀមខ្លួន ក្នុងការធ្វើការជាមួយប្រទេសលីបង់ ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងរបៀបមួយដែលកាន់តែប្រសើរឡើងសម្រាប់ប្រជាជនទាំងពីរ»។
លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់នៅក្នុងសារ ដែលផ្ញើដោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសលីបង់ លោក Qian Minjian ថា៖«ការគាំទ្រឥតងាករេរបស់ប្រទេសលោក សម្រាប់លីបង់ ក្នុងការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជំនួយដល់ភាគីលីបង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋល្អប្រសើរឡើង។
ការបង្កើតរដ្ឋាភិបាលដំបូង ក្រោមការដឹកនាំរបស់លោក Aoun នៅតែជាកម្មវត្ថុនៃការពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្ត្រី Nawaf Salam និងភាគីពាក់ព័ន្ធ។
លោក Aoun បាននិយាយថា៖ការបង្កើតរដ្ឋាភិបាលយ៉ាងឆាប់រហ័ស បញ្ជូនសញ្ញាវិជ្ជមាន ទៅកាន់ពិភពខាងក្រៅថា ប្រទេសលីបង់ កំពុងដើរលើផ្លូវត្រូវ» ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែល បានបន្តវាយកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ព្រំដែនមួយចំនួនរបស់ប្រទេសលីបង់។