មន្រ្តីមួយរូបមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ និងក្រុមនគរបាល និយាយនាថ្ងៃអង្គារនេះថា បំណាក់ដីនៅទីក្រុង Pekalongan ស្ថិតក្នុងខេត្តជ្វាភាគកណ្តាល ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្ស ១៦នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួស ស្របពេលដែលមនុស្សជាច្រើននាក់ទៀត កំពុងបាត់ខ្លួន ។
លោក Bergas Caturasi គឺជាមន្រ្តីមួយរូបនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន Kompas ថា បំណាក់ដីនេះ បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ។
លោក Bergas បន្តថា ប្រតិបត្តិការរុករកសម្រាប់អ្នកបាត់ខ្លួន ត្រូវបានរារាំងដោយសារភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ។
លោក Bardi គឺជាអ្នករស់រានមួយរូប និយាយថា ប្រហែលជាមានផ្ទះសម្បែងប្រជាពលរដ្ឋ ៤-៥ខ្នង រងការខូចខាត ក៏ដូចជាហាងកាហ្វេ និងរថយន្តជាច្រើនគ្រឿងទៀត ត្រូវបានកប់ពន្លិចក្រោមបំណាក់ដី ។ ចំណែកឯមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
គួរឲ្យដឹងថា បំណាក់ដីតែងតែកើតឡើងញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅអំឡុងរដូវវស្សា ។ ហានិភ័យនៃបំណាក់ដី មានការកើនឡើងដោយសារការកាប់បំផ្លាញព្រៃឈើ ហើយនិងប្រតិបត្តិការជីករ៉ែខុសច្បាប់ទ្រង់ទ្រាយតូចនៅតាមស្រុកដាច់ស្រយាល ៕