ក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក ប្រធានាធិបតី Donald Trump បានសន្យាថា នឹងមានយុគសម័យមាសថ្មី ដោយបង្ហាញពីខ្លួនលោកថា ជាអ្នករួបរួម។ ប៉ុន្តែសម្រាប់សុន្ទរកថាដែលប្រកាសពីការធ្វើឲ្យប្រទេសជាតិពេញទៅដោយអនាគតដ៏ស្រស់ព្រងបែបនេះ វាតែងតែជាអ្វីដែលគ្រប់គ្រនបានឮរួចហើយកាលអតីតកាល។
វោហាសាស្ត្រជាច្រើនរបស់ Trump បានឆ្លុះបញ្ជាំងឡើងវិញនូវពាក្យពេចន៍របស់លោក កាលពី ៨ឆ្នាំមុន នៅពេលដែលលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីលើកដំបូង ហើយនិយាយអំពីប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងទីក្រុងនានាដែលត្រូវបានហែកហួរដោយឧក្រិដ្ឋកម្ម។ កាលពីថ្ងៃចន្ទ (ទី២០ ខែមករា) លោកបានបង្ហាញខ្លួនលោកថា ជាជនរងគ្រោះនៃប្រព័ន្ធយុត្តិធម៌ដែលចត្រូវបានប្រើជាអាវុធក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ។

លោក Trump បានលើកឡើងថា លោកមាននូវអាណត្តិ ដើម្បីអនុវត្តចក្ខុវិស័យរបស់លោក សម្រាប់ប្រទេស បន្ទាប់ពីបានឈ្នះការបោះឆ្នោតរបស់ប្រជាជន ជាការវិលត្រលប់ផ្នែកនយោបាយវិញដ៏មិនគួរឲ្យជឿ រហូតឈានទៅដល់ការស្បថចូលកាន់តំណែងរបស់លោក នៅក្នុងអគារដែលអ្នកគាំទ្ររបស់លោក បាននាំគ្នាសម្រុកចូលបង្កហិង្សាកាលពី ៤ឆ្នាំមុន ដែលជាការប៉ុនប៉ងមិនជោគជ័យ ក្នុងការកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០។
ដោយថ្លៃងនៅឯវិមានរាងមូល Capitol Rotunda របស់សហរដ្ឋអាមេរិក លោក Trump បានពោលក្ដែងៗថា៖ «ចាប់ពីពេលនេះតទៅ ការធ្លាក់ចុះរបស់អាមេរិកត្រូវបានបញ្ចប់ហើយ។ យុគមាសរបស់យើង ទើបតែបានចាប់ផ្តើមប៉ុណ្ណោះ»។ ជាមួយគ្នានេះ លោកបានសន្យាថា នឹងធ្វើជា «អ្នកបង្កើតសន្តិភាព និងជាអ្នកបង្រួបបង្រួម»។
ដោយមានលោក Biden អង្គុយក្បែរនោះ លោក Trump បានរិះគន់គោលនយោបាយរបស់ប្រធានាធិបតីចេញពីតំណែង ជុំវិញអ្វីៗជាច្រើន រាប់ចាប់ពីបញ្ហាអន្តោប្រវេសន៍ រហូតដល់កិច្ចការបរទេស។ លោកបានលើកឡើងថា ជ័យជម្នះរបស់លោក បានផ្តល់ឲ្យលោកនូវ «អាណត្តិ ដើម្បីកែប្រែទាំងស្រុងគ្រប់យ៉ាងនូវការសម្រេច ឬវិធានការមិនផ្ដល់ប្រយោជន៍ដល់ជាតិ៕

