ក្រុមអាជ្ញាធរនិយាយថា អគ្គិភ័យកាលពីយប់ទាបភ្លឺកន្លងទៅនៅសណ្ឋាគាររមណីយដ្ឋានជិះស្គី បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ និងមនុស្ស ៣២នាក់ផ្សេងទៀត រងរបួស នៅតំបន់ភាគពាយ័ព្យប្រទេសទួរគី នាថ្ងៃអង្គារនេះ ខណៈរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង និងផ្សែង ដែលបានហ៊ុព័ទ្ធអគារកម្ពស់ ១១ជាន់ ។
លោក Abdulaziz Aydin គឺជាអភិបាលក្រុង Bolu និយាយប្រាប់ទូរទស្សន៍រដ្ឋ TRT ថា អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះឡើងនៅជាន់ភោជនីយដ្ឋាននៃសណ្ឋាគារ ស្ថិតក្នុងរមណីយដ្ឋានជិះស្គី Kartalkaya កាលពីវេលាម៉ោង ៣ និង ៣០នាទីព្រឹកទាបភ្លឺ ត្រូវនឹងម៉ោង ០០ និង ៣០នាទីម៉ោងសកល ។

លោកនិយាយថា មាននូវភ្ញៀវ ២៣៤នាក់ នៅក្នុងសណ្ឋាគារ Grand Kartal ដែលផ្នែកខាងក្រៅធ្វើពីឈើ ។
អគ្គិភ័យនេះដែរ បានកើតមានឡើងពេលចាប់ផ្តើមវិស្សមកាលសិស្សសាលារយៈពេល ២សប្តាហ៍នៅទូទាំងប្រទេស ពេលដែលអ្នកជិះស្គីមកពីទីក្រុងអ៊ីស្តានប៊ូល និងទីក្រុងអង់ការ៉ា ធ្វើដំណើរទៅកាន់តំបន់ភ្នំជិះស្គី Bolu ។
រូបភាពវីដេអូឃ្លីបលើកញ្ចក់ទូរទស្សន៍ឃើញរថយន្តពន្លត់អគ្គិភ័យ នៅជុំវិញសណ្ឋាគាររងការឆាបឆេះ ស្ថិតនៅជំរាលភ្នំជិះស្គី ហើយផ្នែកខាងលើ និងផ្នែកខាងក្រោមសណ្ឋាគារ រងការឆាបឆេះ ខណៈកំពូលភ្នំ និងជើងភ្នំគ្របដណ្តប់ដោយព្រិលសក្បុស ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ២៥០នាក់ បានចូលរួមពន្លត់អគ្គិភ័យនេះ ។
ក្រុមអាជ្ញាធរ និយាយថា បច្ចុប្បន្នក្រុមស៊ើបអង្កេត កំពុងពិនិត្យមើលថាតើមូលហេតុអ្វីបណ្តាលឲ្យកើតមានអគ្គិភ័យសម្លាប់មនុស្សបែបនេះ ៕

