តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជាមូលដ្ឋានសម្រាប់សន្តិភាពយូរអង្វែង។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ាថា៖«យើងមិនត្រូវភ្លេចអំពីផលវិបាកដែលអ្នកស្រុកនៃនៃដែនដីននេះ បានប្រឈម អស់រយៈពេលប៉ុន្មានខែនេះ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤៧.000នាក់ បានស្លាប់ក្នុងរយៈពេល ១៥ខែនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ មិនមានការខាតបង់ធ្ងន់ធ្ងរបែបនេះ ក្នុងចំណោមជនស៊ីវិល ទេ ចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ»។
លោកបានរំលឹកថា រាល់ការប៉ុនប៉ងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការអនុម័តសេចក្តីសម្រេចដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានរារាំងដោយសហរដ្ឋអាមេរិក។ លោក Nebenzya បាននិយាយថា៖«សហរដ្ឋអាមេរិកកំពុងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនមិនអាចអនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខរារាំងសកម្មភាពរបស់អ៊ីស្រាអែល នៅលើទឹកដីនេះ ដោយលើកឡើងពីអ្វីដែលហៅថា ការទូតស្ងប់ស្ងាត់»។
អ្នកការទូតរុស្ស៊ី បានសង្កត់ធ្ងន់ថា ការអនុវត្ត «រូបមន្តរដ្ឋពីរ» ដែលអនុម័តដោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសន្តិភាពយូរអង្វែង នៅក្នុងតំបន់។ លោកក៏បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំងទីលំនៅរបស់ខ្លួន ក្នុងទឹកដីប៉ាឡេស្ទីនដែលខ្លួនគ្រប់គ្រង។