ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកគិតដល់ការដំឡើងពន្ធ ២៥ភាគរយលើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ដោយសារតែពួកគេអនុញ្ញាតឲ្យមនុស្សជាច្រើន ឆ្លងកាត់ព្រំដែន ក៏ដូចជាសារធាតុញៀនហ្វេតានីល ។
លោកថា វិធានការនេះ អាចនឹងកើតឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ។ លោកនិយាយថា លោកបាននិយាយគ្នារួចហើយជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ។
ប្រធានាធិបតីរូបនេះ និយាយផងដែរពីគំនិតនៃការវាយប្រហារចិនជាមួយនឹងការដំឡើងពន្ធ ជុំវិញបញ្ហាបណ្តាញព័ត៌មានសង្គម TikTok ។
លោក Trump បានសង្រ្គោះកម្មវិធីព័ត៌មានសង្គមមួយនេះពីការបិទនៅសហរដ្ឋអាមេរិក ជាមួយនឹងការផ្អាកបណ្តោះអាសន្នដែលទំនងជាអាស្រ័យលើការស្វែងរកម្ចាស់ជាដៃគូសហរដ្ឋអាមេរិក ។
បើសិនជាចិនមិនឯកភាពទេនោះ លោក Trump និយាយថា លោកអាចនឹងប្រើប្រាស់ការដំឡើងពន្ធជាអាវុធបញ្ចុះបញ្ចូល ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយដោយស្វែងរកការពន្យារពេល៧៥ ថ្ងៃចំពោះការអនុវត្តន៍ការហាមប្រាមកម្មវិធីបង្ហោះវីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមរបស់ចិនមួយ ដែលបានដល់កាលកំណត់បិទដំណើរការកម្មវិធីកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ ៕