ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អះអាងអំឡុងសុន្ទរកថាពេលស្បថចូលកាន់តំណែងថា លោកនឹងស្វែងរកការគ្រប់គ្រងឡើងវិញព្រែកជីកប៉ាណាម៉ានោះ ក្រុមកម្មករសហជីប នាំគ្នាដង្ហែរក្បួនទៅកាន់គេហដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងប៉ាណាម៉ា ដើម្បីតវ៉ាការគំរាមរបស់ប្រធានាធិបតីរូបនេះ ។
លោក Saul Mendez គឺជាអគ្គរដ្ឋលេខាធិការសហជីពកម្មករសំណង់ប៉ាណាម៉ា និយាយថា ពួកយើងពុំអាចទទួលយកបាននោះឡើយការប្រកាសរបស់លោក Trump ទោះក្នុងលក្ខខណ្ឌណាក៏ដោយ មិនថាលោក Trump ឬពលរដ្ឋអាមេរិក ឬកងទ័ពរបស់ពួកគេ ឬសូម្បីតែរដ្ឋាភិបាលរបស់ពួកគេនោះទេ គ្មានអ្វីត្រូវធ្វើនៅក្នុងប្រទេសប៉ាណាម៉ានោះឡើយ ។
ក្រុមបាតុករនាំគ្នាកាន់ទង់ជាតិប៉ាណាម៉ា និងស្រែកពាក្យស្លោកដុតទង់ជាតិសហរដ្ឋអាមេរិកនៅមុខគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ។
អំឡុងសុន្ទរកថានៅក្នុងវិមានកាពីតូលកាលពីថ្ងៃចន្ទ លោក Trump បាននិយាយម្តងហើយម្តងទៀតពីបំណងរបស់លោកក្នុងការដណ្តើមគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ គឺជាសេចក្តីប្រកាសគោលនយោបាយការបរទេសមួយក្នុងចំណោមសេចក្តីប្រកាសគោលនយោបាយបរទេសជាច្រើនទៀត ដែលបង្កឲ្យមានការស្រងាកចិត្តជាខ្លាំង នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ ២០២៤កន្លងទៅ លោក Trump បានលើកឡើងពីការគំរាមកំហែងតែមួយក្នុងការរឹបអូសយកព្រែកជីកមួយនេះមកវិញ គឺជាផ្លូវទឹកសិប្បនិម្មិតប្រវែង ៨២គ.ម តភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ហើយនិងជាផ្លូវដឹកជញ្ជូនស្នូលអន្តរជាតិ ៕