ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យនាំចេញនៅកម្ពុជា មានសុទិដ្ឋិនិយមថា ការនាំចេញទំនិញពីទៅកាន់ប្រទេសអូស្រ្តាលី ជាពិសេសស្រូវអង្ករ នឹងមានកំណើនឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពធូរស្រាល និងបញ្ចប់នាពេលអនាគត។ ជាពិសេស ការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលី លោកយល់ថា ទំនាក់ទំនងពាណិជ្ជម្ម និងការវិនិយោគជាមួយអូស្រ្តាលី នឹងមានផលវិជ្ជមានល្អប្រសើរ ជំរុញឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្ម និងការនាំចេញកាន់តែទៅមុខថែមទៀត ហើយនេះជាអ្វីដែលយើងសិក្សាស្រាវជ្រាវអំពីតម្រូវការអូស្រ្តាលីបន្ថែម ដែលមានសក្តានុពលសម្រាប់កសិផល មិនថាតែអង្ករទេ។
ពាក់ព័ន្ធការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ក៏ដូចជាប្រទេសអូស្រ្តាលីបច្ចុប្បន្ន លោកឧកញ៉ាបានអះអាងថា ក្រៅពីជួបបញ្ហានូវវិបត្តិកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូនក៏នៅតែមានបញ្ហាប្រឈមដែរ ដោយសារប្រទេសមួយៗ មាននីតិវិធីប្រព័ន្ធនៃការអនុវត្តភូមភាគអនាម័យ, ប្រព័ន្ធនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារខុសៗគ្នា។ ចំពោះទីផ្សារអូស្រ្តាលី កម្ពុជាទើបនាំចូលបានប្រមាណជាង១ឆ្នាំទេ ។
គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាធ្វើការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ មានចំនួនជាង ៤៦ម៉ឺនតោន ក្នុងនោះទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីចំនួនជាង ៨ ២០០តោន។ ដោយឡែក ក្នុងរយៈពេល១ឆ្នាំពេញ នៃ២០២០ ការនាំចេញស្រូវអង្ករទៅអូស្រ្តាលីមានបរិមាណសរុបជាង ២ម៉ឺន ៧ពាន់តោន កើនឡើងជាង ៤ពាន់តោន បើធៀបនឹងឆ្នាំ២០១៩ មានចំនួនសរុបជាង ២ម៉ឺន ៣ពាន់តោន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលី មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទំាងពីរ។ ក្នុងអំឡុងស្នាក់នៅកម្ពុជា ២ថ្ងៃនេះ លោកជំទាវបានទទួលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបជាមួយប្រមុខការទូតកម្ពុជា និងជំនួបទ្វេភាគីជាមួយលោកជំទាវ អ៊ឹង គន្ថាផាវី រដ្ឋមន្រ្កីក្រសួងកិច្ចការនារីផងដែរ៕
អត្ថបទ៖ បូរ៉ាវី
