ភ្លើងឆេះព្រៃនៅទីក្រុង Los Sauces ប្រទេសឈីលី បានឆក់យកអាយុជីវិតភ្នាក់ងារពន្លត់អគ្គិភ័យ ៣នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ពេលដែលពួកគេព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។
ភ្លើងឆេះព្រៃនេះ បានឆាបឆេះដីព្រៃជាង ៤០០ហិចតា បង្ខំឲ្យមានការប្រកាសអាសន្នកម្រិតពណ៌ក្រហម និងការជម្លៀសអ្នកស្រុកចេញ ។

លក្ខណៈភូមិសាស្រ្តរដិបរដុប និងជម្រាលភ្នំចោត រួមចំណែកឲ្យកើតមានសោកនាដកម្មនេះ ធ្វើឲ្យក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាប់ខ្លួននៅក្នុងអណ្តាតភ្លើង ។
ក្រុមអាជ្ញាធរ ត្រូវបានដាក់ពង្រាយ ដើម្បីវាយតម្លៃស្ថានភាពការងារ និងសម្របសម្រួលការឆ្លើយតបសង្រ្គោះបន្ទាន់ ។
ទីក្រុង Los Sauces បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយនិងសន្យាគាំទ្រ ខណៈកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ នៅតែបន្តជាមួយក្រុមការងារជំនួយបន្ថែមទៀត និងយន្តហោះពន្លត់អគ្គិភ័យ ។
បច្ចុប្បន្ន ប្រទេសឈីលី ជួបរដូវក្តៅស្ងួត និងសីតុណ្ហភាពក្តៅហួតហែង ហើយត្រូវបានគេរំពឹងថានឹងកើតមានរដូវកាលភ្លើងឆេះព្រៃខ្លាំង រយៈពេល ១ឆ្នាំ ក្រោយភ្លើងឆេះព្រៃឆ្នាំ ២០២៤ សម្លាប់មនុស្សជាង ១៣០នាក់ ៕

