ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា តួនាទីរបស់អង្គការសុខភាពពិភពលោក(WHO) គួរតែត្រូវបានពង្រឹង មិនមែនត្រូវធ្វើឲ្យទន់ខ្សោយបែបហ្នឹងនោះទេ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសដកខ្លួនចេញពីអង្គការមួយនេះ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា ចិននឹងបន្តគាំទ្រអង្គការ WHOឲ្យបំពេញទំនួលខុសត្រូវរបស់ពួកគេ ។
លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយជាការចាប់ផ្តើមដំណើរដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO ។ ការប្រកាសនេះស្ថិតក្នុងចំណោមវិធានការរាប់សិបដែលលោកបានចុះហត្ថលេខាបន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ទី២០ ខែមករា សប្ដាហ៍នេះសម្រាប់អាណត្តិទី ២ ចាប់ពីបញ្ហាអន្តោប្រវេសន៍ រហូតដល់គោលនយោបាយការបរទេស និងបម្រែបម្រួលអាកាសធាតុជាដើម ។
លោក Trumpនិយាយថា ទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ពុំបានអនុវត្តដោយឯករាជ្យពីឥទ្ធិពលនយោបាយមិនត្រឹមត្រូវរបស់រដ្ឋជាសមាជិករបស់ខ្លួន ដែលត្រូវការចំណាយមិនយុត្តិធម៌ពីសហរដ្ឋអាមេរិក មិនសមាមាត្រនឹងចំនួនទឹកប្រាក់ផ្តល់ជូនដោយប្រទេសធំៗជាច្រើនទៀត ដូចជាប្រទេសចិនជាដើម ។
ចំណាត់ការនេះដែរមានន័យថា សហរដ្ឋអាមេរិកដែលមកទល់នឹងពេលនេះ គឺជាអ្នកគាំទ្រហិរញ្ញវត្ថុធំបំផុតរបស់អង្គការ WHO នឹងទុកពេលឲ្យទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះចំនួន ១២ខែ ហើយនិងបញ្ឈប់រាល់ការរួមចំណែកហិរញ្ញវត្ថុទាំងអស់ដល់ការងាររបស់ពួកគេ ៕