កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង រួមនឹងលោក ចេង ចាន់ដូណា អភិបាលស្រុកកំពង់លែងស្តីទី បានចុះពិនិត្យ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះកាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ទៅកាន់ទីទួលសុវត្ថិភាព នៅចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង។ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះសរុបចំនួន ៦៩គ្រួសារ, ផ្ទះទឹកដែលត្រូវវាយប្រហារដោយសារខ្យល់ព្យុះសរុប ៦៧ខ្នង ក្នុងនោះក្រឡាប់ ២៣ខ្នង របើកដំបូល ២៧ខ្នង និងលិចមួយចំហៀង ១៧ខ្នង។
លោក សាន់ យូ និងក្រុមការងារ ក៏បានយកអំណោយជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរចំនួន ៥គ្រួសារ ក្នុងនោះមានគ្រួសារដែលមានកូនស្រីអាយុ ៥ឆ្នាំបានស្លាប់ផងដែរ។
តាមការបញ្ជាក់ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់នៅទីទួលសុវត្ថិភាពវត្តថ្នល់ឈើទាល៕











