មេបក្សប្រឆាំងស្លូវ៉ាគី លោក Michal Simecka បានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក Robert Fico ថា បានរៀមចំត្រៀមដកប្រទេសចេញពីសហភាពអឺរ៉ុប (EU) ខណៈដែលលោកបានចាប់ផ្តើមកិច្ចប្រឹងប្រែងទម្លាក់រដ្ឋាភិបាលជាតិនិយម-ឆ្វេងនិយម តាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅថ្ងៃអង្គារ (ទី២១ ខែមករា)។
យ៉ាងណាក្ដី កិច្ចប្រឹងប្រែងរបស់គណបក្សប្រឆាំង មើលទៅហាក់ដូចជាមិនទទួលបានជោគជ័យនោះឡើយ ខណៈដែលសំឡេងភាគច្រើនស្ដួចស្ដើងរបស់រដ្ឋាភិបាល នៅក្នុងសភា ត្រូវបានគេរំពឹងថា នឹងគាំទ្រលោក Fico។
លោក Fico បានព្យាយាមរក្សាទំនាក់ទំនងជាមួយរុស្ស៊ី អំឡុងពេលមានសង្គ្រាម នៅអ៊ុយក្រែន ហើយបានបញ្ឈប់ការផ្ដល់ជំនួយយោធាផ្លូវការដល់ទីក្រុងគីវ។ លោកបានរិះគន់ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបានមានជម្លោះជាមួយក្រុងគីវខ្លាំងឡើងៗ បន្ទាប់ពីការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានផ្អាក នៅចុងឆ្នាំ២០២៤។
លោក Fico ដែលជាមេដឹកនាំគណបក្សឆ្វេងនិយម Smer-SSD និងជានាយករដ្ឋមន្ត្រី ៤សម័យកាល ក៏បាននិយាយផងដែរថា ស្លូវ៉ាគីចាំបាច់ត្រូវរៀបចំត្រៀម សម្រាប់ «ស្ថានភាពវិបត្តិអាចកើតមានទាំងអស់» ដែល EU អាចប្រឈមក្នុងរយៈពេលដ៏ខ្លីនេះ ដោយលើកឡើងថា សូម្បីតែការបែកបាក់របស់ប្លុកនេះ ក៏អាចកើតឡើងដែរ។
លោក Simecka មេដឹកនាំគណបក្ស Progressive Slovakia បានប្រាប់សភាថា៖ «នេះមិនអាចនិយាយអ្វីផ្សេងក្រៅពីអ្វីដែលយើងធ្លាប់បានព្រមានថា រដ្ឋាភិបាលដឹកនាំដោយគណបក្ស Smer កំពុងរៀបចំត្រៀមដកស្លូវ៉ាគីចេញពីសហភាពអឺរ៉ុប»៕