លោក Nail Olpak ប្រធានក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសទួរគី (DEIK) នៅថ្ងៃអង្គារ (ទី២១ ខែមករា) នេះ បាននិយាយថា ប្រទេសទួរគីអាចចាប់ផ្តើមពាណិជ្ជកម្មឡើងវិញជាមួយអ៊ីស្រាអែល «ប្រសិនបើសន្តិភាពមានជាអចិន្ត្រៃយ៍»។
គួររំលឹកថា ទួរគីបានផ្តាច់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល កាលពីឆ្នាំមុន ដោយសារការមានសង្រ្គាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ នៅសប្តាហ៍នេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញមួយ។
អំឡុងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅទីក្រុងអ៊ីស្តង់ប៊ុល ក្រៅពីករណីធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល លោក Olpak ក៏បាននិយាយផងដែរថា DEIK បានទទួលរបាយការណ៍ អំពីបញ្ហាការទូទាត់ សម្រាប់ទំនិញដែលនាំចេញទៅកាន់ប្រទេសរុស្ស៊ី តាមរយៈកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដោយមិនបានបញ្ជាក់លម្អិតឲ្យបានច្បាស់លាស់។
បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ក្រុមហ៊ុននាំចេញទួរគីទៅកាន់រុស្ស៊ី ចាប់តាំងពីពេលនោះមក បានជួបប្រទះបញ្ហាមួយចំនួន ក្នុងការទទួលបានការទូទាត់៕