សេវាកម្មសង្រ្គោះបន្ទាន់នៅតំបន់ភាគឦសាន Catalonia និយាយនៅថ្ងៃអង្គារនេះថា ហេតុការណ៍ផ្ទុះនៅកំពង់ផែក្រុង Barcelona ប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្សម្នាក់ និងមនុស្សម្នាក់ទៀត រងរបួស ហើយអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង ។
នៅក្នុងការបង្ហោះសារលើបណ្តាញព័ត៌មានសង្គម X សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ការផ្ទុះនេះ បានកើតឡើង អំឡុងពេលការងារថែទាំនៅផែ Energy Wharf ជាកន្លែងដែលស្តុកសារធាតុគីមី ឧស្ម័នធម្មជាតិ និងផលិតផលប្រេងចម្រាញ់ ។
សាលាក្រុង Barcelona និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេទទួលបានការប្រកាសអាសន្នពីអគ្គិភ័យបណ្តាលមកពីការផ្ទុះលើរថយន្តដឹកសឺទែនប្រេងកាលពីវេលាម៉ោង ១០ និង ៤០នាទីព្រឹក ម៉ោងក្នុងស្រុក ។
សេចក្តីថ្លែងការណ៍បន្តថា ក្រុមហ៊ុននៅតំបន់នោះ បានបញ្ជាឲ្យបង្ខាំងបុគ្គលិករបស់ពួកគេជាវិធានការប្រុងប្រយ័ត្នទុកជាមុន ៕