ក្រុមបុរាណវិទូនៅក្នុងប្រទេសប៉េរូ បានបង្ហាញហ្វូស៊ីលអាយុកាល ៩លានឆ្នាំរបស់ត្រីឆ្លាមពណ៌ស ដែលធ្លាបរស់នៅក្នុងដែនទឹកនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលពួកវាចូលចិត្តស៊ីត្រីសាឌីនជាចំណីអាហារ ។
ហ្វូស៊ីលត្រីឆ្លាម Cosmopolitodus Hastalis ត្រូវបានរកឃើញនៅចម្ងាយប្រហែល ២៣៥គ.មភាគខាងត្បូងទីក្រុង Lima ស្ថិតក្នុងជលសីមា Pisco គឺជាតំបន់វាលខ្សាច់ក្តៅខ្លាំអដែលល្បីល្បាញសម្រាប់របកគំហើញញឹកញាប់របស់ពពួកសត្វសមុទ្របុរាណ ។
ត្រីឆ្លាមនេះ ត្រូវបានគេមានជំនឿថាជាបុព្វបុរសរបស់ត្រីឆ្លាមពណ៌សយក្ស ដែលបច្ចុប្បន្ននេះវាបានផុតពូជអស់ទៅហើយ ប៉ុន្តែធ្មេញរបស់វាមានបណ្តោយប្រវែងរហូតដល់ ៨,៩សង់ទីម៉ែត្រ ខណៈដែលវាពេញវ័យមានប្រវែងបណ្តោយដល់ទៅ ៧ម៉ែត្រ ។
លោក Cesar Augusto Chacaltana គឺជាវិស្វករនៅវិទ្យាស្ថានរ៉ែ និងភូមិសាស្រ្តប៉េរូ និយាយនៅក្នុងពេលធ្វើបទបង្ហាញថា ឆ្អឹងរបស់ត្រីឆ្លាមនេះ បង្ហាញពីហ្វូស៊ីលពិសេស ។
ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញឆ្អឹងត្រីឆ្លាមបុរាណនេះ នៅក្នុងទូកញ្ចក់ជាច្រើន រួមទាំងទូកញ្ចក់មានឆ្អឹងថ្គាមដ៏មុតស្រួចខ្នាតយក្ស ។
អ្នកស្រី Mario Urbina ដែលជាបុរាណវិទូមួយរូប និយាយនៅពេលធ្វើបទបង្ហាញនោះថា ឆ្អឹងរបស់ត្រីសាឌីនជាច្រើន ត្រូវបានរកឃើញផងដែរនៅក្នុងពោះរបស់ហ្វូស៊ីល ។
គួររំឭកថា កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមបុរាណវិទូប៉េរូ បានបង្ហាញហ្វូស៊ីលក្រពើមិនទាន់ពេញវ័យដែលរស់នៅកាលពីរយៈពេលជាង ១០លានឆ្នាំមុន នៅភាគកណ្តាលប្រទេសប៉េរូ ៕