ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់ ៤នាក់ បានបាត់បង់ជីវិត ខណៈរាប់សិបនាក់រងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន នៅទីក្រុង Jenin ក្នុងតំបន់កាន់កាប់ West Bank។
កងទ័ពអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារ (ទី២១ ខែមករា) នេះ បានប្រាប់ថា ទាហាន នគរបាល និងសេវាស៊ើបការណ៍សម្ងាត់ បានចាប់ផ្តើមវិធានការប្រឆាំងភេរវកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមនោះឡើយ។ អត្តសញ្ញាណរបស់អ្នកស្លាប់មិនទាន់ដឹងច្បាស់លាស់ភ្លាមៗនៅឡើយទេ។
អ្នកនាំពាក្យកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអ៊ីស្រាអែល «បានបើកការបាញ់ប្រហារទៅលើជនស៊ីវិល និងកងកម្លាំងសន្តិសុខ ដែលបណ្តាលឲ្យមានរបួសជនស៊ីវិល និងបុគ្គលិកសន្តិសុខមួយចំនួន ដែលមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការនេះមានគោលបំណង «លុបបំបាត់អំពើភេរវកម្ម»។ ហើយអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់ថា ប្រតិបត្តិការដែលកំពុងបន្តមាននេះ ត្រូវបានដាក់ឈ្មោះថា «ជញ្ជាំងដែក»។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា អភិបាលក្រុង Jenin លោក Kamal Abu al-Rub បានហៅការវាយប្រហារនេះថា «ជាការលុកលុយជំរំជនភៀសខ្លួន»។
ជាមួយគ្នានេះ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ៕