នីហ្ស៊េ៖ កុមារយ៉ាងហោចណាស់ ២៦នាក់ដែលមានអាយុចន្លោះពី ៥ និង ៦ឆ្នាំត្រូវបានភ្លើងឆេះស្លាប់កាលពីថ្ងៃចន្ទ នៅពេលថ្នាក់រៀនរបស់ពួកគេដែលបានសាងសង់ឡើងពីចំបើង និងឈើបានឆេះនៅក្នុងប្រទេសនីហ្ស៊េភាគខាងត្បូង រយៈពេល ៧ខែបន្ទាប់ពីសោកនាដកម្មស្រដៀងគ្នានៅក្នុងរដ្ឋធានី Niamey។

លោក Chaibou Aboubacar អភិបាលក្រុង Maradi បាននិយាយថា ឥឡូវនេះយើងមានអ្នកស្លាប់ចំនួន ២៦នាក់ និង ១៣នាក់បានរងរបួសក្នុងនោះមាន ៤នាក់របួសធ្ងន់។ ប្រទេសនីហ្ស៊េដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក បានព្យាយាមជួសជុលកង្វះខាតអគារសិក្សាដោយសាងសង់ចំបើង និងឈើរាប់ពាន់សម្រាប់ធ្វើជាបន្ទប់រៀន ដោយពេលខ្លះក្មេងៗអង្គុយនៅលើដី។ អគ្គិភ័យនៅក្នុងថ្នាក់ដែលងាយឆេះខ្លាំងគឺជារឿងធម្មតា ប៉ុន្តែកម្របណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសណាស់។ ការកាន់ទុក្ខរយៈពេល ៣ថ្ងៃត្រូវបានប្រកាសនៅក្នុងតំបន់ Maradi ចាប់ពីថ្ងៃអង្គារនេះ។ គួររម្លឹកថា កាលពីខែមេសាកន្លងទៅមានកុមារចំនួន ២០នាក់ត្រូវបានឆេះស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះសាលានៅក្នុងសង្កាត់មួយក្នុងរដ្ឋធានី Niamey៕
អត្ថបទ៖ សុខមាន