ប្រភពដែលដឹងអំពីករណីនេះ នៅថ្ងៃអង្គារ (ទី២១ ខែមករា) នេះ បានឲ្យដឹងថា អាជ្ញាធរអ៊ីតាលីបានចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃនគរបាលយុត្តិធម៌របស់ប្រទេសលីប៊ី ដោយអនុវត្តតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ប្រភពបានប្រាប់សារព័ត៌ Reuters ថា បុគ្គលនេះត្រូវបានចាប់ខ្លួន នៅទីក្រុង Turin ភាគខាងជើង ដោយបន្ថែមថា ករណីនេះត្រូវបានបញ្ជូនបន្តទៅក្រសួងយុត្តិធម៌ និងតុលាការឧទ្ធរណ៍ នៅទីក្រុងរ៉ូម។ អាជ្ញាធរលីប៊ីមិនអាចទាក់ទងបានភ្លាមៗនោះឡើយ ហើយអ្នកនាំពាក្យ ICC មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរផ្សេងរបស់សារព័ត៌មាន Reuters។
ប្រភពមិនបានបញ្ចេញឈ្មោះបុគ្គលរូបនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានកំណត់អត្តសញ្ញាណរូបគេថា ឈ្មោះ Njeem Osama Elamsry ខណៈពេលដែលនៅលីប៊ី រូបគេត្រូវបានចុះក្នុងបញ្ជីរបស់រដ្ឋាភិបាលឈ្មោះ Osama Njeem។
សារព័ត៌មាន La Repubblica បានរាយការណ៍ថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងសណ្ឋាគារមួយ បន្ទាប់ពីទទួលបានតម្រុយពីស្ថាប័ននគរបាលអន្តរជាតិអាំងទែរប៉ូល (Interpol)។ រូបគេស្ថិតនៅក្នុងទីក្រុង Turin ក្នុងក្រុមហ៊ុនរបស់ជនជាតិលីប៊ីផ្សេងទៀត៕