ប្រមុខអាជ្ញាធរព្រែកជីក លោក Osama Rabie នៅថ្ងៃអង្គារ (ទី២១ ខែមករា) នេះ បាននិយាយថា ផ្នែកពង្រីកបន្ថែមថ្មីរបស់ព្រែកជីក Suez នៅជិតបឹង Little Bitter របស់ប្រទេសអេហ្ស៊ីប នឹងចាប់ផ្ដើមដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Rabie បាននិយាយថា កងទ័ពជើងទឹកនឹងចេញផែនទីនាវាចរណ៍ឡើងវិញ បន្ទាប់ពីបានពង្រីកព្រែកជីកបន្ថែម ១០គីឡូម៉ែត្រទៀត។
អេហ្ស៊ីបបានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងមកថា ខ្លួនបានសាកល្បងដោយជោគជ័យនូវផ្នែកពង្រីកបន្ថែមថ្មីប្រវែង ១០គីឡូម៉ែត្រ នៅជិតខាងចុងព្រែកជីកភាគខាងត្បូង ដែលត្រូវបានអភិវឌ្ឍ ទោះបីជាប្រាក់ចំណូលធ្លាក់ចុះ ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ួទីលើនាវា នៅសមុទ្រក្រហមក៏ដោយ។
អាជ្ញាធរព្រែកជីក Suez បានបញ្ជាក់ថា នាវា ២គ្រឿង បានឆ្លងកាត់ផ្នែកថ្មីនេះ ក្នុងអំឡុងពេលធ្វើដំណើរសាកល្បង ដោយគ្មានឧបទ្ទវហេតុឡើយ។
យោងតាមអាជ្ញាធរព្រែកជីក Suez ការពង្រីកបន្ថែមចុងក្រោយនេះ បានធ្វើឲ្យប្រវែងរបស់ព្រែកជីកឡើងដល់ ៨២គីឡូម៉ែត្រដែលនាវាអាចធ្វើដំណើរទៅមក ដោយពីមុន គឺ ៧២គីឡូម៉ែត្រ។ ព្រែកជីកនេះមានប្រវែងសរុប ១៩៣គីឡូម៉ែត្រ៕