ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃចន្ទ២០ មករា បានធ្វើឱ្យអង្គការនេះប្រឈមការប៉ះទង្គិចយ៉ាងខ្លាំងចំពោះកញ្ចប់ថវិការបស់ខ្លួន។

ចំណាត់ការរបស់លោក Trump នឹងប៉ះពាល់ដល់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនៃភាពជាដៃគូសំខាន់ក្នុងការដោះស្រាយការគំរាមកំហែងសុខភាពសាធារណៈនៅទូទាំងពិភពលោក។

លោក Trump បានព្យាយាមចាកចេញពីអង្គការ WHO ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប៉ុន្តែវិធានការនេះត្រូវបានផ្លាស់ប្តូរនៅក្រោមអតីតប្រធានាធិបតីលោកJoe Biden មុនពេលក្រឹត្យនោះអាចចូលជាធរមាន។
ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នឹងចូលជាធរមានរយៈពេលមួយឆ្នាំ ចាប់ពីការជូនដំណឹងដែលត្រូវបានដាក់ជាផ្លូវការជាមួយអង្គការសហប្រជាជាតិ។

អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ខ្លួនមានការសោកស្តាយចំពោះការសម្រេចចិត្តដកខ្លួន ហើយសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងពិចារណាឡើងវិញ។
អង្គការសុខភាពសកលមួយនេះ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា សហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់អង្គការសហប្រជាជាតិដើម្បីការពារ និងលើកស្ទួយសុខភាពរបស់ប្រជាជនអាមេរិក និងប្រជាជនជុំវិញពិភពលោក៕