ប៉ុន្មានថ្ងៃបន្ទាប់ពីកម្មវិធី TikTok របស់ក្រុមហ៊ុនមេ ByteDance បានឈប់ដំណើរការ ហើយបន្ទាប់មកបានបើកឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ដែលបានលុបកម្មវិធីនេះ កំពុងពិនិត្យមើលទូរសព្ទរបស់ពួកគេយ៉ាងអន្ទះសារទាំងប្រភេទ iPhone និង Android ខណៈអេបនេះនៅតែមិនអាចទាញយកបានម្តងទៀត។

អ្នកខ្លះកំពុងស្វែងរកប្រាក់ចំណេញយ៉ាងឆាប់រហ័សពីអ្នកគាំទ្រ TikTok ដែលកំពុងអស់សង្ឃឹម នៅលើបណ្ដាញទិញទំនិញ eBay ជាមួយនឹងការទាញយកកម្មវិធីនេះត្រូវសន្មតថាមានតម្លៃរហូតដល់ ៥០.០០០ដុល្លារ។

TikTok នៅតែបាត់ពីប្រព័ន្ធទាញយកកម្មវិធីរបស់ Apple និង Google នៅអាមេរិក កាលពីថ្ងៃអង្គារ (២១ មករា)។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃចន្ទ ដោយពន្យារពេលការអនុវត្តបម្រាមលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់ចិនមួយនេះ ក្នុងរយៈពេល ៧៥ថ្ងៃ ប៉ុន្តែភាពស្របច្បាប់នៃបទបញ្ជានោះគឺមិនច្បាស់លាស់ទេ។
TikTok បានបន្តសេវាកម្មបន្ទាប់ពីការធានារបស់លោក Trump ថាក្រុមហ៊ុននេះ និងដៃគូរបស់ខ្លួន នឹងមិនប្រឈមនឹងការផាកពិន័យជាទម្ងន់ក្នុងការរក្សាកម្មវិធីឱ្យដំណើរការទេ ប៉ុន្តែអេបនៅតែមិនទាន់ត្រលប់ទៅប្រព័ន្ធទាញយកវិញ។ កម្មវិធីផ្សេងទៀតដែលគ្រប់គ្រងដោយ ByteDance រួមទាំងអេប Lemon8 និង CapCut ក៏លែងមានផងដែរ។
ក្រុមអ្នកវិភាគនិយាយថា ការពន្យារពេលនេះប្រហែលជាដោយសារតែ Google និង Apple កំពុងរង់ចាំការការពារបន្ថែមមុនពេលរំលងបម្រាម ដែលដាក់ទណ្ឌកម្មក្រុមហ៊ុននានាសម្រាប់ការទទួលយក ឬចែកចាយកម្មវិធី TikTok៕