លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងនាំយកថវិកាចំនួន ២៥០០ដុល្លារអាមេរិក ដើម្បីទិញប្រេងម៉ាស៊ូតជួយអន្តរាគមន៍បូមទឹកពី ក្នុងទន្លេមេគង្គបញ្ចូលទៅ ក្នុងស្រែរបស់ប្រជាកសិករ ឋិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងដំណើរចុះពិនិត្យមើលនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ បានជំរុញដល់បងប្អូន ប្រជាកសិករ ក្រោយពីទទួលបានទឹកបញ្ចូល ស្រែគ្រប់គ្រាន់ហើយនោះ ត្រូវតាមដានយក ចិត្តទុកដាក់ថែទាំជាប្រចាំទៅលើដំណាំស្រូវ របស់ខ្លួនឱ្យមានការលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ ។ បន្តតាមដានទៅលើ ពពួកសត្វល្អិត ដែលបំផ្លាញដាំណាំស្រូវ ។ ប្រសិនជាមាន ត្រូវរកវិធីកម្ចាច់ចោល ដូចជា បាញ់ថ្នាំសម្លាប់ចោលក៏បាន ។
តាមការបញ្ជាក់ពីអាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងថា ផ្ទៃដីស្រែត្រូវបូមទឹកជួយសង្រ្គោះ នាពេលនេះ មានចំនួនសរុប ៤៨៣ហិកតា និងត្រូវប្រើរយៈពេល១ខែ ដោយម៉ាស៊ីន ប្រភេទធំ ២គ្រឿង ដែលមានមុខកាត់ទុយោ២តឹក ។ ដោយក្នុង១ថ្ងៃ បូមទឹកបានចន្លោះពី ៨០០ ទៅ៩០០ម៉ែត្រគីប បើគិតមកដល់ថ្ងៃនេះ គឺការបូមទឹកមានរយៈពេល ៥ថ្ងៃមកហើយ និងបានបូមទឹកបញ្ចូលទៅក្នុងស្រែ បានចំនួនប្រមាណជាង ១៨០ហិកតា ជាពិសេស បានបង្ហូរទៅដល់គោលដៅអាងស្តុបទឹកទុក ដើម្បីបង្ហូរបន្តចូលទៅបញ្ចូលទៅស្រែ ទើបតែបានចំនួនជាង ៣០ហិកតា តែប៉ុណ្ណោះ ។
អាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងបន្តថា បើតាមការគណនា ផ្ទៃដីស្រែនៅខ្វះទឹក ស្រោចស្រប់ប្រមាណជាង ៣០០ហិកតាទៀត ដើម្បីសង្គ្រោះដំណាំស្រូវបានទាន់ពេលវេលា ៕ ដោយ សេង ម័រ




