ប្រធានការិយាល័យស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង បាននិយាយថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋនឹងព្យាយាមម្តងទៀតនៅថ្ងៃពុធនេះ ដើម្បីនាំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានឃុំខ្លួនដោយបង្ខំសម្រាប់ការសាកសួរបន្ថែមលើបញ្ហាការដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកកាលពីដើមខែមុន។

លោក Oh Dong-woon ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលលោកបានទៅដល់ការិយាល័យនៅទីក្រុង ក្វាជេអ៊ុន( Gwacheon) ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។

លោកបានប្រាប់អ្នកយកព័ត៌មានថា ភាគីរបស់លោកប្រធានាធិបតី Yoon Suk Yeol ក៏ត្រូវគោរពសេចក្តីសម្រេចរបស់តុលាការផងដែរ។ យើងនឹងព្យាយាមបង្ខំលោកឲ្យបាននៅថ្ងៃនេះ។
CIO បានងាកទៅរកការនាំខ្លួនលោក Yoonដោយបង្ខំ ខណៈប្រធានាធិបតីត្រូវបានចោទប្រកាន់ទម្លាក់តំណែងរូបនេះ បានបដិសេធមិនធ្វើតាមបញ្ជាឱ្យបង្ហាញខ្លួនសម្រាប់ការសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូរបស់លោក។
ក្រុមអ្នកស៊ើបអង្កេតបានទៅកាន់មណ្ឌលឃុំឃាំងទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ សប្ដាហ៍នេះ ដើម្បីនាំខ្លួនលោកចូលសាកសួរ ប៉ុន្តែបានដកខ្លួនទាំងពីរលើក បន្ទាប់ពីភាគីរបស់លោក Yoon មិនព្រមសហការ។
លោក Oh បានបន្តថាប្រសិនបើមានការជំទាស់ ពួកគេអាចអនុវត្តតាមជំហានដើម្បីប្តឹងឧទ្ធរណ៍ក្នុងក្របខ័ណ្ឌច្បាប់។
លោក Yoon Suk Yeol បានបង្ហាញខ្លួននៅសវនាការចោទប្រកាន់ទម្លាក់តំណែងលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ៕