បាល់ទាត់៖ ក្លិបអ្នកមានថ្មី Newcastle United រកអ្នកចាត់ការថ្មីបានហើយគឺលោក Eddie Howe អតីតអ្នកចាត់ការ Bournemouth។ អ្នកចាត់ការវ័យ ៤៣ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Newcastle ដល់ឆ្នាំ២០២៤ បន្ទាប់ពីទំនេរពីការងារតាំងពីខែសីហាឆ្នាំ២០២០ ក្រោយចាកចេញពី Bournemouth។
ការមកដល់របស់លោក Eddie Howe ស្របពេល Newcastle កំពុងដុនដាបនៅ English Premier League ដោយកំពុងឈរលេខ ១៩ ក្នុងតារាងមានតែ ៥ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ១១ប្រកួត។ លោក Eddie Howe ក៏បានអង្គុយទស្សនាការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរនៅពេល Newcastle ស្មើនៅទឹកដី Brighton ១-១។ រំលឹកថា លោក Eddie Howe ធ្លាប់បានដឹកនាំ Bournemouth ឡើងតាំងពីក្របខណ្ឌ League Two រហូតមកដល់ English Premier League និងរក្សាខ្លននៅក្របខណ្ឌកំពូលដល់ទៅ ៥រដូវកាល។
អ្នកចាត់ការវ័យ ៤៣ឆ្នាំរូបនេះត្រូវបានគេគិតថា សក្តិសមនឹងកាន់ការនៅ Newcastle ស្របពេលក្លិបកំពុងមានកីឡាករដែលលោកធ្លាប់ធ្វើការជាមួយគ្នារួមមាន Callum Wilson, Ryan Fraser និង Matt Ritchie ដែលសុទ្ធតែជាអតីតកីឡាកររបស់ Bournemouth ពោលគឺជាកំលាំងសំខាន់ដែលនាំ Bournemouth តាំងពី League One ឡើងមក League Championship និង Premier League៕
អត្ថបទ៖នាង សុភាវុធ